កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ចំនួន៧ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក រួមមាន៖
១. សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល
២. ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា - ដំណាក់កាលទី២
៣. ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់ នៅក្នុងបណ្តា
ប្រទេសមេគង្គ-ឡានឆាង ៤. គម្រោងលុបបំបាត់ជំងឺរលាកថ្លើម
៥. ឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួល ភ្ញៀវទេសចរចិន
៦. ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្តាប្រទេស អនុតំបន់មេគង្គ
៧. ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និង កិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

គម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។
ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូលនិធិ ពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះដោយ ជោគជ័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕

ដោយ៖ គង់ សិរីរ័ត្ន





