សណ្ឋាគារ Steigenberger Hotel Phnom Penh បានបញ្ចប់ការសាងសង់ជាផ្លូវការ និងបម្រើឱ្យវិស័យបដិសណ្ឋារកិច្ចដ៏ប្រណីតនៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ -- សណ្ឋាគារ Steigenberger Hotel Phnom Penh បានបញ្ចប់ការសាងសង់ជាផ្លូវការ និងបានបង្ហាញនូវមុខមាត់ថ្មីក្នុងការចូលរួមលើកស្ទួយដល់វិស័យបដិសណ្ឋារកិច្ចលំដាប់ស្ដង់ដារ និងជាមជ្ឈមណ្ឌលធុរកិច្ចអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្នុងពីធីប្រកាសបញ្ចប់ការសាងសង់ជាផ្លូវការនេះដែរ ក៏មានវត្ដមានរបស់លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group និងលោក Ye Guohui អគ្គនាយក សណ្ឋាគារ Steigenberger Hotel Phnom Penh ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងតំណាងស្ថាប័នសារព័ត៌មានជាច្រើន ក៏បានអញ្ជើញចូលរួមកម្មវិធីនៅលើអាគារកម្ពស់ ២៣០ ម៉ែត្រ ខ្ពស់ជាងគេនៅរាជធានីភ្នំពេញ និងធ្វើជាសាក្សី នៃការលេចរូបរាងរបស់សណ្ឋាគារផ្កាយប្រាំដ៏ប្រណិតនៅក្នុងរាជធានីភ្នំពេញ។

លោក Ye Guohui អគ្គនាយក សណ្ឋាគារ Steigenberger Hotel Phnom Penh បានថ្លែងបញ្ជាក់ថា នេះគឺជាសញ្ញាបង្ហាញពីការចាប់ផ្តើមទំព័រថ្មីនៃសេវាកម្មបដិសណ្ឋារកិច្ចកម្រិតខ្ពស់ នៅកម្ពុជា។ លោកបានលើកឡើងថា ការបញ្ចប់ការសាងសង់ជាផ្លូវការរបស់សណ្ឋាគារ Steigenberger Hotel Phnom Penh បាននាំមកនូវស្តង់ដារថ្មីដែលលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។ បន្ថែមពីលើនេះទៀត សណ្ឋាគារ Steigenberger Hotel Phnom Penh នឹងក្លាយជានិមិត្តរូបថ្មីនៃវិស័យទេសចរណ៍ និងមជ្ឈមណ្ឌលធុរកិច្ចអន្តរជាតិនៅកម្ពុជា ដែលឈរចំទីតាំងស្នូល បង្ហាញខ្លួនលើអាកាស មានទេសភាពទន្លេចតុមុខ និងទីក្រុងភ្នំពេញ មានបរិក្ខារពេញលេញ និងកេរ្តិ៍ឈ្មោះសណ្ឋាគារ ដែលមានប្រវត្តិសាស្ត្រជាង ១០០ឆ្នាំ។

លោកអគ្គនាយកបានបន្ថែមថា ការនាំចូលយីហោ Steigenberger នៅរាជធានីភ្នំពេញ បាននាំមកនូវស្តង់ដារសេវាកម្មអន្តរជាតិ និងរបៀបរបបរស់នៅបែបអភិជន ដោយផ្តោតលើសេវាបដិសណ្ឋារកិច្ចកម្រិតខ្ពស់ សន្និសីទអន្តរជាតិ ដំណើរវិស្សមកាល ដំណើរទស្សនកិច្ច និងការជួបជុំនានារបស់អភិជន។ លោកបានអះអាងថា ការបើកដំណើរការរបស់សណ្ឋាគារ Steigenberger បានបំពេញបន្ថែមនូវប្រព័ន្ធអេកូឡូស៊ីពេញលេញ រួមមាន ការិយាល័យទំនើប ការស្នាក់នៅប្រណីត មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងកន្លែងជួបជុំកម្រិតខ្ពស់ ដែលធ្វើឱ្យ Morgan Tower ក្លាយជាទ្រព្យសកម្មដ៏មានឥទ្ធិពលបំផុតមួយនៅរាជធានីភ្នំពេញ។

សណ្ឋាគារ នេះ មានចំនួន ១១៦ បន្ទប់ ស្ថិតនៅលើអាកាស ដែលអ្នកស្នាក់នៅអាចគយគន់ ទេសភាពទន្លេចតុមុខ និងទីក្រុងភ្នំពេញបានគ្រប់ជ្រុង និងគ្រប់ពេលវេលា។ សម្រាប់អ្នកស្នាក់នៅ នឹងទទួលបានបទពិសោធន៍ការរស់នៅថ្មីដែលមានបរិក្ខារគ្រប់ពេញលេញទាំងអស់ រួមមានសេវា Minibar ឥតគិតថ្លៃ មិនមានបង្កប់ការចំណាយផ្សេងៗ ការចេញ និងចូលដោយសេរី មានអ្នកបម្រើសេវាផ្ទាល់ខ្លួនបែប VIP គឺជាស្តង់ដារលំដាប់កំពូលនៃបដិសណ្ឋារកិច្ចឈានមុខគេនៅភ្នំពេញ។

ជាមួយគ្នានេះ មិនត្រឹមតែបន្ទប់ស្នាក់នៅប៉ុណ្ណោះទេ សណ្ឋាគារ Steigenberger បានរួមបញ្ចូលបរិក្ខារទំនើបៗនិងសេវាកម្មបម្រើគ្រប់តម្រូវការរបស់អ្នកស្នាក់នៅ រួមមាន៖ La Vida Sky Bar ជាស្តាយបារដែលខ្ពស់ជាងគេនៅភ្នំពេញ, Bela Bela Restaurant ជាភោជនីយដ្ឋានប្រចាំថ្ងៃ, Yan Rocksalt Teppanyaki ជាភោជនីដ្ឋានជប៉ុនខ្ពស់ជាងគេនៅភ្នំពេញ, Autoren Bar ជាឡោញដ៏ស្ងប់ស្ងាត់សម្រាប់ជជែកពិភាក្សាអាជីវកម្ម, អាងហែលទឹកលើអាកាសចំហរអាចគយគន់ទេសភាពទីក្រុងបាន, SPA Center កន្លែងស្ប៉ាបែបខ្មែរ, Gymnasium កន្លែងហាត់ប្រាណ, Glass Skywalk ស្ពានកញ្ចក់កម្ពស់ ២៣០ ម៉ែត្រ នៅលើអាកាសអាចទស្សនាទេសភាពទន្លេចតុមុខ និងទីក្រុងភ្នំពេញ, Conference Center មជ្ឈមណ្ឌលប្រជុំនិងសន្និសីទលំដាប់ខ្ពស់, Banquet Hall សាលលើអាកាសមានទេសភាព ២៧០ ដឺក្រេ។
សូមជម្រាបជូនថា Steigenberger គឺជាយីហោសណ្ឋាគារប្រណីតមានអាយុកាលជាង ១០០ឆ្នាំ មានឈ្មោះល្បីល្បាញជាងគេរបស់ក្រុមហ៊ុន Huazhu Group នៅប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែជាបន្ទប់ស្នាក់នៅនោះទេ សណ្ឋាគារ Steigenberger គឺជាទីតាំងដែលត្រូវបានជ្រើសរើសក្នុងការទទួលភ្ញៀវជាតិនិងអន្តរជាតិជាន់ខ្ពស់ ជាកន្លែងស្នាក់នៅបន្ទាប់ពីដំណើរទស្សនកិច្ចនៃមេដឹកនាំនិងគណប្រតិភូធំៗ និងកិច្ចប្រជុំកំពូលអន្តរជាតិនានាជាយូរមកហើយ៕
ដោយ៖ រិទ្ធី





