ការកើនឡើងនៃត្រី នៅក្នុងសមុទ្រ ការដាំស្មៅសមុទ្រ និងការត្រឡប់មកវិញនៃប្រភេទសត្វកម្រ ផ្សោតអ៊ីរ៉ាវ៉ាឌី ផ្សោតឥណ្ឌូប៉ាស៊ីហ្វិក នៅសម្ទ្រ ខេត្តកោះកុង កំពត និងកែប
AKP ភ្នំពេញ ថ្ងៃទី0៤ ខែមិថុនា ឆ្នាំ២០២៦--បើតាម ADB Cambodia បានឱ្យដឹងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះថា វាជាដំណឹងល្អអំពីការប្តេជ្ញាចិត្ត និងការផ្លាស់ប្តូរ។ ក្រុមការងារគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)បានពិនិត្យឃើញពីការកើនឡើងនៃត្រីនៅក្នុងសមុទ្រ ការដាំស្មៅសមុទ្រ និងការត្រឡប់មកវិញនៃប្រភេទសត្វកម្រ ដូចជា ផ្សោតអ៊ីរ៉ាវ៉ាឌី ផ្សោតឥណ្ឌូប៉ាស៊ីហ្វិក (ដែលត្រូវបានគេស្គាល់ជាទូទៅថា ផ្សោតពណ៌ផ្កាឈូក) និង សត្វជ្រូកទឹក នៅអំឡុងពេលនៃដំណើរទស្សនកិច្ចពិនិត្យមើលគម្រោងចំនួនបីថ្ងៃ នៅខេត្តកោះកុង កំពត និងកែប។ គម្រោងនេះ បានចាប់ផ្តើមតាំងពី ឆ្នាំ២០២៣ ហើយកំពុងបង្ហាញឱ្យឃើញសញ្ញាដំបូងនៃវឌ្ឍនភាពគួរកត់សម្គាល់។

ការពង្រឹងឡើងវិញនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា គឺជាគោលបំណងសំខាន់មួយនៃគម្រោង ហើយកត្តាដ៏សំខាន់មួយដែលជំរុញគោលដៅនេះ គឺការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត(FPS) ឬដុំផ្កាថ្មសិប្បនិម្មិត ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់កំណើនជម្រកត្រី។ FPS ដែលប្រទាក់គ្នាលើបាតសមុទ្រ ក៏ជាការរារាំងដ៏សំខាន់មួយប្រឆាំងការអូសអួននេសាទខុសច្បាប់ផងដែរ។ ថ្មីៗនេះ គម្រោងនេះ សម្រេចបាន ២៥ភាគរយនៃគោលដៅដាក់ពង្រាយ FPS ចំនួន ៥ ០០០ របស់ខ្លួន ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារជម្រកសត្វសមុទ្រនៅទូទាំងដែនទឹកឆ្នេរសមុទ្រកម្ពុជា។
ភាគីទាំងអស់ដែលបានសម្ភាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចពិនិត្យមើលគម្រោងរួមទាំងប្រធានសហគមន៍នេសាទដែរ បានឯកភាពថា សកម្មភាពដែលសម្រេចបាននៃគម្រោងកំពុងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ពួកគាត់ក៏បានរំលេចដែរថាការផ្លាស់ប្តូរវិជ្ជមានទាំងនេះបង្ហាញថាធនធានធម្មជាតិរបស់យើងត្រូវបានការពារ។ សម្រាប់សមាជិកសហគមន៍ជាច្រើន ការជួយអភិរក្សសមុទ្របានបង្កើតការងារជំនាញ ហើយការវិនិយោគលើធម្មជាតិបានក្លាយជាការវិនិយោគដែលមានប្រសិទ្ធភាពខ្ពស់។ បីឆ្នាំមកនេះ គម្រោងបានបង្ហាញពីអត្ថប្រយោជន៍ជាច្រើនក្នុងការគាំទ្រជលផល និងការការពារជីវចម្រុះសមុទ្ររបស់យើង។

គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ដឹកនាំដោយអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានក្រសួងបរិស្ថាន និងសហគ្រិនខ្មែរជាភ្នាក់ងារអនុវត្ត។ គម្រោងនេះគាំទ្រដោយ ADB និងប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដោយសហការជាមួយ ការអភិរក្សសមុទ្រនៅកម្ពុជា។ ដំណើរទស្សនកិច្ចខាងលើ ជាផ្នែកមួយនៃបេសកកម្មត្រួតពិនិត្យគម្រោង ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា និងបញ្ចប់នៅដើម ខែមិថុនា ឆ្នាំ២០២៦ នេះ៕

ដោយ ណយ នឿន (ប្រភព៖ADB Cambodia)





