ឯកឧត្តម យី វាសនា៖ ក្រុមនារីបាល់បោះអង្គុយជនពិការកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រប្រជែងមេដាយមាសជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ជើងឯកអាស៊ី នៅរសៀលនេះ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦--បន្ទាប់ពីបានយកឈ្នះ២ប្រកួតជាប់ៗគ្នា នៅវគ្គជម្រុះ ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាបានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសជាមួយម្ចាស់ផ្ទះ ក្រុមនារីម៉ាឡេស៊ី នៅរសៀលម៉ោង២:០០ (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលជាការការពារមេដាយមាសជាលើកទី២ នៅក្នុងការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី (2nd Asian Para Throwball championship 2026) លើកទី២ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦។

មានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មាធិការបាល់បោះអង្គុយជនពិការពិភពលោក (Chairman Committee of The World Para Throwball) បានគូសបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតមានការផ្លាស់ប្តូរបន្តិចបន្តួច ដោយសារតែប្រទេសប៊ូតង់បានដកខ្លួនពីការប្រកួត ដូច្នេះ ការប្រកួតនេះ ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជានឹងត្រូវឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រតែម្តង ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះ ម៉ាឡេស៊ី ដណ្តើមមេដាយមាស ដែលជាការពារមេដាយមាសលើកទី២ ក្រោយទទួលបានជោគជ័យឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី១ កាលពីខែមីនា ឆ្នាំ២០២៥ ដោយកម្ពុជាជាម្ចាស់ផ្ទះ។

ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា ក្រុមកីឡាការិនីកម្ពុជាមានសក្តានុពលខ្លាំងលើគុណភាពបច្ចេកទេស តាមរយៈការប្រឹងប្រែងហ្វឹកហាត់ត្រៀម និងបង្ហាញពីបច្ចេកទេសខ្ពស់ក្នុងការប្រកួតចំនួន២ប្រកួត នៅវគ្គជម្រុះ នៅប្រទេសម៉ាឡេស៊ី ដោយបានយកឈ្នះក្រុមនារីម្ចាស់ផ្ទះ ម៉ាឡេស៊ី ៣-០ និងបន្តឈ្នះក្រុមនារីឥណ្ឌា ៣-០ ក្នុងពិន្ទុដាច់ឆ្ងាយដូចៗគ្នា។

ដោយឡែកសម្រាប់ការប្រកួតរបស់ក្រុមកីឡាករបាល់បោះអង្គុយជនពិការកម្ពុជា ដែលជាក្រុមការពារមេដាយមាស ដូចគ្នានឹងក្រុមនារីកម្ពុជាដែរនោះ បានយកឈ្នះនៅ១ប្រកួតទី១ជាមួយក្រុមឥណ្ឌា ដោយលទ្ធផល ៣-០ ក្នុងពិន្ទុ ២១-៣, ២១-២ និង២១-២។ ផ្នែកបុរសនេះមាន៧ប្រទេសចូលរួមប្រជែងជើងឯក ខណៈក្រុមប្រទេសប៊ូតង់ក៏បានដកខ្លួនដូចគ្នា ដូច្នេះនៅសល់៧ប្រទេស ចែកជា២ពូលដដែល។ ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា ក្រុមបុរសកម្ពុជាធ្វើការធ្ងន់ជាងក្រុមនារី ដោយសារនៅសល់ច្រើនទៀត នៅវគ្គជម្រុះនេះ។ យ៉ាងណា ឯកឧត្តមជឿជាក់ថា ក្រុមបុរសកម្ពុជាដែលកំពុងសក្តានុពលខ្លាំងក្នុងកម្រិតគុណភាពបច្ចេកទេសខ្ពស់នេះនឹងអាចប្រជែងឈ្នះមេដាយមាសម្តងទៀត ដែលជាការពារមេដាយមាសជាលើកទី២ ដូចក្រុមនារីកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលអនុញ្ញាត និងផ្តល់ការគាំទ្រដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានចូលរួមប្រកួតក្នុងខ្នាតអាស៊ី នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦។ ក្នុងនាមប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រតិភូ គ្រូបង្វឹក អត្តពលិកពិការកម្ពុជា ក្នុងការថែរក្សាកិត្តិសជាតិ មោទនភាពជាតិលើឆាកអន្តរជាតិជាមួយនឹងការដណ្តើមមេដាយមាសយកមកជូនជាតិផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ីមាន៧ប្រទេសចូលរួម ខណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាមានចំនួនសរុប ៣២នាក់ ដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕
ដោយ ហេង ណាលីន (រូបភាព៖ ប្រតិភូកីឡាជនពិការកម្ពុជា)





