ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ ខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តតាកែវបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ថ្មី។ ដោយរាជរដ្ឋាភិបាលបានផ្ដល់ទំនុកចិត្តប្រកាសតែងតាំងលោក ហ៊ត មនោ ជាអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ថ្មី ជំនួស លោក កេត ម៉ៅ ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារ នៅសាលាខេត្តតាកែវវិញ ដោយពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកត្រាំកក់ខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកត្រាំកក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមជាច្រើនរូបផងដែរ។


មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកអភិបាលស្រុកត្រាំកក់ថ្មី ដែលទើបចូលកាន់តំណែង ត្រូវចូលរួមសហការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ។ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងមូលដ្ឋានស្រុក-ឃុំ-ភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ត្រូវខិតខំបំពេញការងារនិងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានលឿន ត្រឹមត្រូវនិងទាន់ពេលវេលា។ត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងឱ្យបានលឿន ព្រោះដើម្បីធានាបានថា រដ្ឋបាលស្រុកដឹកនាំដោយអ្នកថ្មីនេះ នឹងក្លាយជាអង្គភាពមួយដែលផ្តល់សេវាល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ។

ឯកឧត្តមអភិបាលខេត្តតាកែវក៏បានប្រាប់ឱ្យលោកអភិបាលស្រុកត្រាំកក់ថ្មី ខិតខំបំពេញការងារ និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ជាពិសេសរាល់សំណើឬតម្រូវការសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ហើយរាល់ការផ្តល់សេវាទាំងអស់ ត្រូវតែត្រឹមត្រូវតាមនីតិវិធីច្បាប់និងលក្ខខណ្ឌតម្រូវ ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។


ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ និងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរួមសហការគ្នា លុបបំបាត់នូវអំពើអសកម្មនានា និងធ្វើការទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈការចុះធ្វើរដ្ឋបាលដល់មូលដ្ឋាន និងធ្វើការណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ផ្ទះសំណាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឱ្យរួមសហការជាមួយអាជ្ញាធរ ដើម្បីលុបបំបាត់កុំឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងមានសុខសុវត្ថិភាព និងនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល៕
ដោយ អ៊ុច សៀង





