អង្គការ MCC បណ្តុះបណ្តាលអំពីបច្ចេកទេសសង្គ្រោះ ថនិកសត្វសមុទ្រដែលមកទើរលើឆ្នេរ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- ប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ថា កិច្ចសហការគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ការងារអភិរក្ស កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រផ្នែកថនិកសត្វសមុទ្ររបស់យើងគឺ Becky Chambers បានចុះបណ្តុះបណ្តាលអំពីបច្ចេកទេសសង្គ្រោះ និងការប្រមូលទិន្នន័យថនិកសត្វសមុទ្រដែលមកទើរលើឆ្នេរ ឬជាប់គាំងនៅតំបន់ទឹករាក់ (stranded) ដល់សហគមន៍នេសាទព្រែកត្នោត ភូមិព្រែកអំបិល និងជ្រោយស្វាយ ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។
តាមរយៈការបណ្តុះបណ្តាលនេះ សមាជិកសហគមន៍កំពុងក្លាយខ្លួនជា «អ្នកវិទ្យាសាស្ត្រពលរដ្ឋ» ដែលជួយក្នុងការកត់ត្រាទុកនូវរាល់ករណីថនិកសត្វសមុទ្រដែលជាប់នៅតំបន់ទឹករាក់ប្រកបដោយសុវត្ថិភាព និងប្រមូលទិន្នន័យដ៏មានតម្លៃ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការតាមដានត្រួតពិនិត្យក្នុងរយៈពេលវែង។

សិក្ខាកាមបានរៀនសូត្រអំពីការវាស់វែងទំហំដងខ្លួន ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីចំនួន និងកំណត់អត្តសញ្ញាណក្រុមប្រភេទសត្វណាដែលប្រឈមនឹងហានិភ័យខ្ពស់បំផុត ការកត់ត្រាអំពីការជាប់មង ឬរបួសពីខាងក្រៅ ដើម្បីជួយកំណត់រកនូវរាល់ការគំរាមកំហែងនានាដែលថនិកសត្វសមុទ្រកំពុងជួបប្រទះ រៀនពីទិន្នន័យនៃការជាប់ទើរនៅឆ្នេរ ជួយឱ្យយើងយល់ដឹងកាន់តែច្បាស់អំពីសុខភាពរបស់ថនិកសត្វសមុទ្រ ការគំរាមកំហែង និងការប្រែប្រួលបរិស្ថាន ការពង្រីកបណ្តាញតាមដាន៖ អ្នកវិទ្យាសាស្ត្រពលរដ្ឋដែលទទួលបានការបណ្តុះបណ្តាល នឹងជួយពង្រីកវិសាលភាពនៃការតាមដាន និងពង្រឹងការរាយការណ៍ព័ត៌មាននៅតាមតំបន់ឆ្នេរដាច់ស្រយាល ការពង្រឹងភាពជាម្ចាស់ការក្នុងសហគមន៍ ការចូលរួមពីសហគមន៍ជួយពង្រឹងស្មារតីចេះថែរក្សាការពារ និងការចែករំលែកភាពជាម្ចាស់លើកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងមូលដ្ឋាន។


ទាំនេះគឺជាវគ្គបណ្តុះបណ្តាលដំបូងបង្អស់នៅក្នុងចំណោមវគ្គបណ្តុះបណ្តាលជាច្រើនដែលអង្គការ MCC នឹងផ្ដល់ឱ្យ ដែលមានគោលបំណងពង្រឹងតំបន់ឆ្នេរឱ្យកាន់តែរឹងមាំ សម្រាប់ការអភិរក្សថនិកសត្វសមុទ្រនៅទូទាំងប្រទេសកម្ពុជា៕
ដោយ ណយ នឿន (ប្រភព៖ MCC)





