ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលចុះជួយជនភៀសសឹកនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- នៅក្នុងគ្រាដ៏លំបាកនៃជីវិតជនភៀសសឹកដែលត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន សុខទុក្ខរបស់ពួកគាត់គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះគឺជាសារនយោបាយដ៏ច្បាស់លាស់មួយ ដែលត្រូវបានបញ្ជាក់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងឱកាសចុះសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា (CMDF) បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនដែលបោះបង់ចោលប្រជាពលរដ្ឋឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងមុតមាំថា «រាជរដ្ឋាភិបាលបានកំណត់ទិសដៅអាទិភាពចម្បងក្នុងការដោះស្រាយបញ្ហាលំនៅឋានស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយការបង្ខំចិត្តចាកចេញពីលំនៅឋាន។ ទន្ទឹមនឹងការដោះស្រាយជីវភាពបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងបន្តធ្វើការតវ៉ាយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ក្នុងការទាមទារទឹកដីដែលរងការរំលោភបំពានឈ្លានពានពីសំណាក់ភាគីថៃមកលើអធិបតេយ្យកម្ពុជាត្រឡប់មកវិញ»។

នេះជាសញ្ញាណដ៏សំខាន់មួយដែលបង្ហាញថា រាជរដ្ឋាភិបាលមិនត្រឹមតែយកចិត្តទុកដាក់លើការជួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងតស៊ូលើឆាកអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។

ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានសហការីមកពីរាជធានី-ខេត្ត សប្បុរសជន និងប្រតិភូជាសាសនិកឥស្លាម ក៏ដូចជានិស្សិត ដែលបានរួមគ្នាយកអំណោយមកចែកជូន។ ជាការកត់សម្គាល់ ការចុះជួបសំណេះសំណាលរបស់ថ្នាក់ដឹកនាំ និងនិស្សិតនៅពេលនេះ មិនមែនគ្រាន់តែដើម្បីចែកអំណោយនោះទេ ប៉ុន្តែជាការចុះសិក្សា និងស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅជាក់ស្តែង ដើម្បីរៀបចំយុទ្ធសាស្ត្រជួយផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពទៅថ្ងៃមុខ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំក្រុមហ៊ុន ស្មាត ដែលបានរួមចំណែកក្នុងការសម្រាលការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្តល់ជាអំណោយឧបភោគបរិភោគ។
គួររម្លឹកថា នេះគឺជាលើកទី២ ហើយ ដែលឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅដល់ជនភៀសសឹក។ សម្រាប់អំណោយមនុស្សធម៌ចំនួន ១៥០០កញ្ចប់ ដែលបានផ្តល់ជូនក្នុងឱកាសនេះ គឺត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រាលបន្ទុកជីវិតប្រចាំថ្ងៃរបស់បងប្អូន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតី «ខ្មែរជួយខ្មែរ» និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែឈរនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់៕
ដោយ ឈុន សារ៉ាត





