ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធី “សម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញធ្វើជាអធិបតីក្នុងពិធី “សម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា” ស្ថិតនៅផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើមឡើយមានឈ្មោះថា “សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ចំណុះក្រសួងឃោសនាការ និងវប្បធម៌ និងមានទីតាំងនៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
នៅឆ្នាំ១៩៩២ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានប្តូរទីតាំងមកនៅសាលានយោបាយវប្បធម៌និងមុខជំនាញ (អតីតសាលាបឋមសិក្សាតេជោដំឌិន)។ ការផ្លាស់ប្តូរទីតាំងនៅពេលនោះគឺប្តូរតែកន្លែងធ្វើការងាររដ្ឋបាល និងថ្នាក់រៀនតែប៉ុណ្ណោះ ដោយរក្សាទីលាន ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។
នៅឆ្នាំ១៩៩៣ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា ត្រូវបានប្តូរមកស្ថិតក្រោមក្រសួងកិច្ចការនារី យុវជន និងកីឡា និងបន្ទាប់មកបានប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា រហូតដល់បច្ចុប្បន្ន។
វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បង្កើតឡើងនៅឆ្នាំ១៩៩៨ ចំណុះឱ្យអគ្គនាយកដ្ឋានយុវជន និងកីឡា នៃក្រសួងអប់រំ យុជន និងកីឡា និងមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិ។និងនៅឆ្នាំ២០០៣ បានផ្លាស់ប្តូរមកភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងនាពេលបច្ចុប្បន្ននេះ។
ចាប់តាំងពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកិច្ច សហប្រតិបត្តិការជាមួយ "អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស" ដែលជាអង្គការរបស់ប្រទេសជប៉ុន ដោយផ្តោតលើការរៀបចំសៀវភៅសិក្សាគោលសម្រាប់បម្រើឱ្យការរៀន និងបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡា រួមមាន៖ សៀវភៅកម្មវិធីសិក្សាលម្អិតពីបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ, សៀវភៅសិក្សាគោលសម្រាប់គ្រូបង្រៀនពីកម្រិតបឋមសិក្សាដល់ មធ្យមសិក្សាទុតិយភូមិ, និងឧបករណ៍វាយតម្លៃថ្នាក់អប់រំកាយពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ។ នៅឆ្នាំ ២០១៥ ក្រសួងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីអប់រំកាយ ក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។
នៅឆ្នាំ ២០១៩ ស្ថិតក្រោមគម្រោងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្រសួងបានបន្តអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្រាប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ (១២+៤) ដោយផ្តោតលើការអភិវឌ្ឍកម្មវិធីសិក្សា, កម្មវិធីសិក្សាលម្អិត, សៀវភៅសិក្សាគោល, ការរៀបចំប្រព័ន្ធក្រេឌីត, ការអភិវឌ្ឍគុណវុឌ្ឍិគ្រូ, ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងការសិក្សារបស់គរុសិស្ស‑គរុនិស្សិត ការបង្រៀន ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ ប្រព័ន្ធធ្វើតេស្តកាយសម្បទាសិស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាងសង់អគារសិក្សាកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា ដែលនឹងត្រូវសម្ពោធជាផ្លូវការនាថ្ងៃនេះ ក្នុងគោលបំណងប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការ បណ្តុះបណ្តាលកម្រិតឧត្តមសិក្សា និងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡាឱ្យកាន់តែល្អប្រសើរ ប្រកបដោយសមត្ថភាពទាំងបំណិនសម្បទា វិជ្ជាសម្បទា និងចរិយាសម្បទា។
ចាប់តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា រួមមាន៖
១.ថវិការដ្ឋ មានដូចជា៖ អគាររដ្ឋបាល អគារសិក្សា អគារអន្តេវាសិកដ្ឋាន (៣៧បន្ទប់) សាលដំបូលទូក ទីលានបាល់បោះ ទីលានបាល់ទាត់ ទីលានបាល់ទះ របងខាងជើង ផ្លូវលោតចម្ងាយ ផ្លូវបេតុង របងថ្មីខាងជើងនិងខាងលិច អាហារដ្ឋាន ឃ្លាំងដាក់សម្ភារៈ បន្ទប់អគ្គិសនី និងការដំឡើងត្រង់ស្វូ ប្រព័ន្ធបង្ហូរទឹក ការចាក់ដីបំពេញនីវ៉ូជាប់របងខាងត្បូងនិងខាងកើតនិងជុំវិញទីលានបាល់ទាត់ និងការរៀបចំសួនច្បារ ដាំស្មៅ ការតបណ្តាញអគ្គិសនីពីបន្ទប់អគ្គិសនីនៅតាមអគារទាំងប្រាំពីរ (A,B,C,D,E,F និងG) និងការសាងសង់ទីលានបាល់បោះ បាល់ទះ។
២. ថវិកាសប្បុរជន (ជាអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី) មានដូចជា៖ ការកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងការជួសជុលកែលម្អទីលានស្មៅធម្មជាតិ ។
៣. ថវិកាដៃគូពីប្រទេសជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស មានដូចជា៖ ការសាងសង់ផ្លូវរត់អត្តពលកម្មប្រវែង១០០ម៉ែត្រ (មាន៨ខ្សែបន្ទាត់) ការសាងសង់អាងហែលទឹកស្តង់ដា (ខ្នាត ២៥ម x ១៥ម) និងអគារធ្វើលំហាត់ប្រាណដោយមានបំពាក់សម្ភារបរិក្ខារ ការជួសជុលអគារអន្តេវាសិកដ្ឋាន និងការសាងសង់អគារថ្មីមួយ (ទំហំ ៤៩ម x ១៧ម កម្ពស់បីជាន់)៕
ដោយ៖ គង់ សិរីរ័ត្ន





