ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំពិនិត្យកម្មវិធី "បរិស្ថានបៃតង លំនៅឋានស្អាត" និងចុះពិនិត្យការផ្ដល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំចំណាលើ
AKP កំពង់ធំ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារបើកកិច្ចប្រជុំពិនិត្យលើការអនុវត្តកម្មវិធី "បរិស្ថានបៃតង លំនៅឋានស្អាត" និងបានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចុះពិនិត្យមណ្ឌលសុខភាពព្រមទាំងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានក្រុមការងារបានពិនិត្យវឌ្ឍនភាពកម្មវិធីប្រឡងប្រណាំង "បរិស្ថានបៃតង លំនៅឋានស្អាត" និងបានពាំនាំអនុសាសន៍ណែនាំរបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមដែលបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងបរិស្ថានមូលដ្ឋាន។ កម្មវិធីនេះចាប់ផ្តើមអនុវត្តពីស្នាក់ការគណបក្សឃុំ និងតាមផ្ទះរបស់ប្រជាពលរដ្ឋនៅសងខាងអគារបក្ស ដោយក្នុងមួយគ្រួសារដាំដើមទុរេន១ដើម ដើម្បីបង្កើតគម្របបៃតង ផ្ដល់ចំណូលបន្ថែមលើកកម្ពស់ជីវភាព និងបំផុសស្មារតីរួមគ្នាសម្រេចឱ្យបានតាមទស្សនៈ "ភូមិ-ឃុំស្អាត គ្មានសំរាម បរិស្ថានល្អ"។

ឯកឧត្តម ចាន់ ស៊ីណាត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀនហ៊ុនសែនចំណាលើ ដើម្បីណែនាំ និងបញ្ជ្រាបការយល់ដឹងពីកម្មវិធី"បរិស្ថានបៃតង លំនៅឋានស្អាត"សំដៅរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដែលជាកត្តាគន្លឹះលើកកម្ពស់សុខភាពសាធារណៈនិងកាត់បន្ថយការចំណាយក្នុងគ្រួសារ ព្រមទាំងចុះពិនិត្យតាមខ្នងផ្ទះពលរដ្ឋដែលមានដាំដើមទុរ៉េន ដើម្បីទាញរកចំណូលបន្ថែម និងបានបន្តដំណើរចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពឃុំចំណាលើផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារក៏បានឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងសម្ភារបរិក្ខាការិយាល័យមួយចំនួន ជូនដល់រដ្ឋបាលនិងក្រុមប្រឹក្សាឃុំចំណាលើ ដើម្បីសម្រួលដល់ការបំពេញការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ស៊ុម វណ្ណា





