ឯកឧត្តម ជា សុមេធី អញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួមជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសង្គមកិច្ច នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។


នៅក្នុងឱកាសនោះ ឯកឧត្ដម ជា សុមេធី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលបានសហការរៀបចំទិវានេះឡើង ដោយបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់កុមារមកពីមជ្ឈដ្ឋាននានា បានចូលរួមសប្បាយរីករាយនៅក្នុងពិធីនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវសេចក្តីស្រឡាញ់ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា។រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនិងកុមារ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្ដល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយអត្រាមរណភាពរបស់មាតាទារកនិងកុមារ។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាល បានបង្ករឱកាសដល់កុមារគ្រប់រូបទទួលបានការសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សាប្រកបដោយសមធម៌ ជាពិសេសក្នុងកម្រិតសិក្សាអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំព្រមទាំងបានដាក់បញ្ចូលកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មានវិទ្យាទៅក្នុងកម្មវិធីសិក្សា និងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តស្របទៅតាមបរិបទថ្មីនៃសាកលភាវូបនីយកម្ម។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានឱ្យដឹងថា ដូច្នេះដើម្បីរួមគ្នាដោះស្រាយបញ្ហាកុមារឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត លោកសូមផ្តល់នូវអនុសាសន៍មួយចំនួន ៥គឺ ទី១ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ។ ទី២ ក្រសួងស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាលសហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការការពារ អន្តរាគមន៍ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាព ។ ទី៣ ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍និងហានិភ័យចំពោះកុមារ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កុមារនិងយុវជន មាតាបិតា អ្នកថែទាំ និងអ្នកផ្តល់សេវាសង្គម។ ទី៤ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ រៀបចំពិធីអបអរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស។ និងទី៥ គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានាសូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ បណ្ដាប្រទេសជាច្រើនលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា បានរួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ និងដើម្បីរម្លឹកនូវសោកនាដកម្មនៃការកាប់សម្លាប់យ៉ាងឃោរឃៅទៅលើស្រ្តី និងកុមារក្នុងកំឡុងសង្គ្រាមលោកលើក ៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





