ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗ ៥ចំណុចដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នេះថា ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចក្ខុវិស័យគោលនយោបាយទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងព័ត៌មាន យើងបានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗ ៥ចំណុចដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

វិធានការអាទិភាពទាំងនោះ រួមមាន ទីមួយ.ការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត សហគមន៍នៅតំបន់ជនបទ និងក្រុមងាយរងគ្រោះ។ ទីពីរ.ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវតាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ទីបី.ការលើកកម្ពស់ភាពជឿទុកចិត្តបាន ល្បឿន និងការឆ្លើយតបទៅនឹងទំនាក់ទំនងសាធារណៈ ជាពិសេសតាមរយៈប្រព័ន្ធអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។ ទីបួន.ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរាជរដ្ឋាភិបាល អង្គភាពផ្សព្វផ្សាយ អ្នកសារព័ត៌មាន វេទិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម អ្នកអប់រំ សង្គមស៊ីវិល និងសាធារណជន។ និងទីប្រាំ.ការលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និងប្រើប្រាស់ប្រភពដែលអាចជឿទុកចិត្តបាន និងប្រភពផ្លូវការ ជាពិសេសក្នុងស្ថានការណ៍រសើប ការសង្គ្រោះសាធារណៈក្នុងគ្រាអាសន្ន និងបញ្ហាជាតិ។


ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា គ្រឹះដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ជាតិយើង គឺយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ បន្ទាប់ពីបញ្ចប់ជំហានទី១ ដោយជោគជ័យ ក្រសួងព័ត៌មានបានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការជំហានទី២ កាលពីថ្ងៃទី១៨ ខែឧសភា ក្រោមប្រធានបទ «ការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន»។ ឯកឧត្តមបានបន្ថែមថា យុទ្ធនាការនេះមានគោលបំណងផ្តល់សមត្ថភាពដល់ប្រជាពលរដ្ឋក្នុងការគិតវិភាគ លើកកម្ពស់អាកប្បកិរិយានៃការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ ពង្រឹងការយល់ដឹងជាសាធារណៈអំពីហានិភ័យនៃព័ត៌មានមិនពិត និងកសាងបរិយាកាសព័ត៌មានឱ្យកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល ការចូលរួមជាមួយសាលារៀន ភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន កម្ពុជាកំពុងខិតខំកសាងសង្គមមួយដែលមានចំណេះដឹង មានភាពធន់ និងមានការទទួលខុសត្រូវកាន់តែខ្លាំង៕
ដោយ៖ យា ចិន្តាខន្តី





