ចុះទឹកត្រពាំង ស្ទឹង បឹងបួរប្រយ័ត្នសត្វឈ្លើងចូល…ក្រុមគ្រូពេទ្យមន្ទីរពេទ្យជាតិតេជោសន្តិភាពបានចាប់យកសត្វឈ្លើងចេញពីប្លោកនោមអ្នកជំងឺប្រុសម្នាក់ បន្ទាប់ពីគាត់ឈឺចាប់ពិបាកនោម
AKP ភ្នំពេញ ថ្ងៃទី0២ ខែមិថុនា ឆ្នាំ២០២៦--មានការហួសចិត្តជាខ្លាំង ក្រុមគ្រូពេទ្យឯកទេសមូត្រសាស្ត្រនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានឆ្លុះពិនិត្យឃើញសត្វឈ្លើងមួយក្បាលនៅក្នុងប្លោកនោមអ្នកជំងឺប្រុសម្នាក់ ដែលមានអាយុប្រមាណជា៣០ឆ្នាំ មិនដឹងជាវាចូលទៅនៅក្នុងប្លោកនោមអ្នកជំងឺប្រុសនោះតាំងពីពេលណា។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានប្រើប្រាស់បច្ចេកទេសឆ្លុះផ្លូវទឹកនោម (Endoscopic Procedure)ចាប់យកសត្វឈ្លើងនោះចេញមកក្រៅបានដោយសុវត្ថិភាព និងប្រសិទ្ធភាព កាលពីល្ងាចនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
បើតាមមន្ទីរពេទ្យជាតិតេជោ សន្តិភាពបានឱ្យដឹងថា អ្នកជំងឺបានអញ្ជើញមកពិនិត្យនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្ទាប់ពីមានអាការៈឈឺចាប់ ពិបាកនោម និងមានឈាមក្នុងទឹកនោម ក្រោយពេលបានចុះក្នុងទឹកបឹងធម្មជាតិ។ តាមរយៈការពិនិត្យអេកូសាស្ត្រ ក្រុមគ្រូពេទ្យបានប្រទះឃើញសត្វឈ្លើងមានចលនានៅក្នុងប្លោកនោមរបស់អ្នកជំងឺ និងបានធ្វើការចាប់យកចេញមកក្រៅដោយជោគជ័យ។
ជាមួយគ្នានេះដែរមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចុះទឹកត្រពាំង ស្ទឹង បឹង ឬប្រភពទឹកធម្មជាតិផ្សេងៗដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃការចូលរំខានរបស់ពពួកប៉ារ៉ាស៊ីត ឬសត្វល្អិតចូលក្នុងរាងកាយ៕

ដោយ វាសនា





