ឯកឧត្តម នេត្រ ភក្រ្តា៖ កម្ពុជាឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយស្របទៅនឹងចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២៦ -- បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសម័យកាលដែលបច្ចេកវិទ្យាឌីជីថលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការវិវត្តនេះក៏បានបង្កើតនូវភាពងាយរងគ្រោះថ្មីៗនៅក្នុងលំហព័ត៌មានផងដែរ ដោយព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែលបង្កការយល់ច្រលំ និងព័ត៌មានអនឡាញដែលបង្កគ្រោះថ្នាក់ កំពុងរីករាលដាលឆ្លងដែនក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ សម្រាប់កម្ពុជា ការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចក្ខុវិស័យគោលនយោបាយទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានផ្តោតសំខាន់លើអភិបាលកិច្ចល្អ ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

ការលើកឡើងខាងលើនេះ ធ្វើឡើងដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» ក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេងមេគង្គ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ខណៈដែលព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានបំភាន់អាចធ្វើឱ្យសាធារណជនយល់ច្រលំ កាន់បន្ថយទំនុកចិត្តមកលើស្ថាប័នសាធារណៈ និងឯកជន បំផ្លាញសុខដុមនីយកម្មសង្គម ប៉ះពាល់សន្តិសុខជាតិ និងរង្គោះរង្គើដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូ សុចរិតភាពព័ត៌មានពិតជាមានសារៈសំខាន់ណាស់។ សង្គមឌីជីថលមិនអាចរឹងមាំបានឡើយ ប្រសិនបើពលរដ្ឋមិនមានជំនាញក្នុងការសម្គាល់ព័ត៌មានដែលអាចជឿទុកចិត្តបាន។ ទំនុកចិត្តសាធារណៈ ក៏មិនអាចពង្រឹងបានដែរ ប្រសិនបើការទំនាក់ទំនងផ្លូវការយឺតយ៉ាវ មិនច្បាស់លាស់ ឬមិនអាចសម្រេចទៅបាន។ ការអភិវឌ្ឍ ក៏មិនអាចមានបរិយាបន្នបានដែរ ប្រសិនបើព័ត៌មានមិនពិតបំភាន់ពលរដ្ឋ បង្កការភ័យខ្លាច ឬបំបែកបំបាក់សហគមន៍។

ឯកឧត្តម បានគូសបញ្ជាក់ថា «ដូច្នេះ វិធីសាស្ត្ររបស់កម្ពុជា គឺមានតុល្យភាព ជាក់ស្តែង និងមានទស្សនៈឆ្ពោះទៅមុខ។ យើងជឿថា ការការពារដែលមានចីរភាពបំផុតប្រឆាំងនឹងព័ត៌មានមិនពិត មិនមែនមានតែបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមានការអប់រំ ការផ្តល់សិទ្ធិអំណាច វិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ ការទំនាក់ទំនងសាធារណៈប្រកបដោយវិជ្ជាជីវៈ និងការចូលរួមពីសង្គមទាំងមូល»
សូមបញ្ជាក់ថា ក្រសួងព័ត៌មានបាននិងកំពុងរៀបចំសិក្ខាសាលានៃយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមគម្រោងជំនួយពិសេសមេគង្គ-ឡានឆាង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ ២០០នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕
ដោយ៖ យា ចិន្តាខន្តី





