ការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ
AKP ព្រះវិហារ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ -- ការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក.) ប្រចាំខេត្តព្រះវិហារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបង្ខិតសេវាសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ស្ថិតនៅអគារការិយាល័យថ្មី ក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្ដព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានបង្ហាញនូវក្តីសោមនស្សរីករាយ និងសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ព្រមទាំងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលបានកំណត់យកខេត្តព្រះវិហារ ជាខេត្តគោលដៅក្នុងការបង្កើតឱ្យមានការិយាល័យតំណាងនេះឡើង។ ឯកឧត្តមអភិបាលខេត្តបានចាត់ទុកសមិទ្ធផលថ្មីនេះថា គឺជាវឌ្ឍនភាពមួយដ៏សំខាន់សម្រាប់ខេត្តព្រះវិហារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន តាមរយៈយន្តការសម្រុះសម្រួលផ្សះផ្សា ប្រកបដោយប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីសាធារណជន ស្របតាមចក្ខុវិស័យ និងការវិវត្តរបស់សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ពីសមត្ថកិច្ចសំខាន់ៗទាំងបីរបស់ការិយាល័យតំណាង អ.ដ.ក. ដែលរួមមាន ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលស្នើសុំសម្រុះសម្រួល ការធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដោយផ្ទាល់ និងការសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ព្រមទាំងបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តលើយន្តការថ្មីនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការប្រចាំការក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ប្រធាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវបំពេញមុខងាររបស់ខ្លួនតាមការចាត់តាំងឱ្យបានម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវគោរពតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ បន្ថែមពីនេះទៀត ឯកឧត្ដមក៏បានជំរុញដល់មន្ត្រីគ្រប់រូបត្រូវខិតខំដុសខាត់សមត្ថភាពខ្លួនជាប់ជាប្រចាំ និងប្រើប្រាស់ចំណេះដឹង បទពិសោធន៍ទាំងឡាយ ដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនាមជាតួអង្គដ៏សំខាន់នៅក្នុងការពន្លត់ភ្លើងវិវាទរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់រដ្ឋបាលខេត្តព្រះវិហារ សូមបន្តផ្តល់នូវការគាំទ្រ សម្របសម្រួល និងសហការជិតស្និទ្ធជាមួយការិយាល័យតំណាង អ.ដ.ក. ដើម្បីធានាឱ្យសេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានលក្ខណៈងាយស្រួល សម្បូរបែប ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅបង្កើតបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

សូមជម្រាបជូនផងដែរថា ផ្អែកលើស្នាដៃការងារល្អប្រសើរនាពេលកន្លងមក លោកស្រី ស ស៊ីយេត មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ត្រូវបានថ្នាក់ដឹកនាំ អ.ដ.ក. ផ្តល់ទំនុកចិត្ត និងចាត់តាំងឱ្យមកបំពេញភារកិច្ចជាប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តព្រះវិហារ នាពេលនេះតែម្តង៕

ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





