លោក ឃន ប្រុស៖ កុមារគឺជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិ
AKP កំពង់ចាម ថ្ងៃទី0២ ខែមិថុនា ឆ្នាំ២០២៦--លោក ឃនប្រុស អភិបាលរងខេត្តបានមានប្រសាសន៍ថា កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រទេសមួយមានការរីកចម្រើនឆាប់រហ័សគឺអាស្រ័យលើការកសាងនូវមូលធនមនុស្ស សម្រាប់អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ គឺត្រូវបានចាប់ផ្ដើមពីការអភិវឌ្ឍកុមារជាមុនសិន ព្រោះកុមារជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។

លោកអភិបាលរងថ្លែងដូចនេះក្នុងទិវាខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងសិទ្ធការពារសិទ្ធិកុមារ» នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងក្រុង ស្រុកទាំង១០ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា រាជរដ្ឋាភិបាល និតិកាលទី៧ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥ ដូចនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីកសាងនូវមូលធនមនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។

លោក ឃន ប្រុស បានបញ្ជាក់ថា ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបំផុសស្មារតីរួមគ្នាក្នុងការលើកកម្ពស់ការការពារសិទ្ធិកុមារ និងការអភិវឌ្ឍកុមារ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ ។

សូមមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ គាំពារ និងផ្តល់ឱកាសឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ព្រមទាំងចៀសឆ្ងាយពីអំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាព ហើយក្មួយៗកុមារសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ត្រូវធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម ដោយត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ ដែលនាំឱ្យខូចដល់អនាគត៕

ដោយ ឆាយម៉ុត





