ឯកឧត្តម អ៊ុ រាត្រី៖ អភិបាលស្រុកថ្មីត្រូវប្រកាន់ខ្ជាប់ «សាមគ្គីភាពផ្ទៃក្នុង» ជាធំ ដើម្បីបម្រើពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព
AKP បន្ទាយមានជ័យ ថ្ងៃទី0២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងសង្កត់ធ្ងន់ថា«មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាបំពេញភារកិច្ចទៅតាមឋានានុក្រមជូនរាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ភាពជោគជ័យនៃការអភិវឌ្ឍមូលដ្ឋាន មិនអាចកាត់ផ្តាច់ចេញពីឯកភាពផ្ទៃក្នុងបានឡើយ ដូច្នេះសូមលោកអភិបាលស្រុកថ្មី ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមិនត្រូវមានការបែងចែកជាបក្ខជាពួកនៅក្នុងជួរមន្ត្រីក្រោមឱវាទជាដាច់ខាត»។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម អ៊ុ រាត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អែម សុខា ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅថ្មី កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងនូវការណែនាំយ៉ាងម៉ឺងម៉ាត់ជូនដល់លោកអភិបាលស្រុកដែលទើបចូលកាន់តំណែងថ្មី រួមជាមួយមន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ចទូទាំងស្រុកអូរជ្រៅ ត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយត្រូវចៀសវាងដាច់ខាតការបែងចែកបក្ខពួក។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវអនុសាសន៍គន្លឹះ ដើម្បីឱ្យលោកអភិបាលស្រុកថ្មីអនុវត្តឱ្យទទួលបានជោគជ័យ
ប្រសិទ្ធភាពសេវាសាធារណៈ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ «គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត»។ សន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាព ជាពិសេសគឺការបង្ក្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការអភិវឌ្ឍមូលដ្ឋានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីកៀរគរធនធានមកអភិវឌ្ឍន៍មូលដ្ឋាន និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការគោរពច្បាប់ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប លោក អែម សុខា អភិបាលស្រុកអូរជ្រៅថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត គោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវច្បាប់ និងបទដ្ឋាននានា ដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ស្រុកអូរជ្រៅឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ៕
ដោយឈុនសារ៉ាត





