សម្ដេតេជោ ហ៊ុន សែន ប្រកាសយកអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហា ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកសយកអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងមានជាង៤០ប្រទេសចូលរួម ហើយគ្រោងធ្វើនៅខែសីហា ឆ្នាំ២០២៦ ខាងមុខនោះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយសមាជិក សមាជិកា ព្រឹទ្ធសភា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតនោះ បានអញ្ជើញធ្វើទស្សនកិច្ច នៅពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកិច្ចការរបស់ជាតិរបស់សម្តេច ជាការផ្ដល់កិត្តិយស និងលើកទឹកចិត្ត ជាពិសេសលើវិស័យពន្ធដារដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តន៍យ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល។ សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារមិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ។

គួរបញ្ជាក់ដែរថា អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ មានទីតាំង ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាអគាររដ្ឋដែលធំជាងគេ ដោយត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ ម៉ែត្រការ៉េ ដោយមានអគារការិយាល័យរដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន៤ជាន់៕

ដោយ៖ ជឹម ណារី





