សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការខិតខំប្រឹងប្រែង ដោះស្រាយជម្លោះតាមរយៈការចរចា រវាងប្រទេសទាំងពីរ ក្រោមការសម្របសម្រួល របស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ។
ក្នុងការធ្វើ សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានថ្លែងថា ការប្រើប្រាស់យន្តការនេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាករខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងដោយសុឆន្ទៈពិតប្រាកដ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាកំពុងនាំយកការសន្ទនា ចូលទៅក្នុងក្របខណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ»។
បើតាមសម្ដេចធិបតី កម្ពុជានិងថៃ នឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និងដែលអនុលោកតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធីជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថេរភាពតំបន់។
ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រនូវការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននោះប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃ ប្រទេសទាំងពីរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ។ ជាមួយគ្នានេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន នាពេលនេះ។ កម្ពុជាបន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី។
សម្ដេចធិបតី សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ឱ្យបន្តរក្សា សាមគ្គីភាពជាធ្លង់មួយប្រកបដោយទំនុកចិត្តខ្ពស់ ក្នុងភាពរឹងមាំ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕

ដោយ៖ គង់ សិរីរ័ត្ន





