កម្ពុជា-ចិន បញ្ជាក់ពីមិត្តភាពដែកថែបជារៀងរហូត និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦--ក្នុងជំនួបកាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ជាមួយឯកឧត្តម ហ៊ូ ឆាងសឹង លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តកានស៊ូ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីជំហរនយោបាយការបរទេសដ៏រឹងមាំរបស់កម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលបន្តគាំទ្រឥតងាករេចំពោះ «នយោបាយចិនតែមួយ» និងបានបន្តចាត់ទុកប្រទេសចិន និងបក្សកុម្មុយនីស្តចិន គឺជាបងប្អូនដ៏ល្អ រួមគ្នាកសាងសហគមន៍ជោគវាសនារួមគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានឯកភាព និងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ កសិកម្ម វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាខេត្តនៃប្រទេសកម្ពុជា និងខេត្តកានស៊ូ។ អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ ឯកឧត្តម ហ៊ូ ឆាងសឹង និងអ្នកវិនិយោគក្នុងខេត្តកានស៊ូ មកទស្សនាកម្ពុជា និងស្វែងយល់ពីឱកាសធុរកិច្ច និងសក្តានុពលនានារបស់កម្ពុជា។

អំពីបញ្ហាសន្តិសុខ និងស្ថិរភាពតំបន់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានរំលេចពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ទោះបីជាបច្ចុប្បន្នស្ថានភាពមានភាពស្មុគ្រស្មាញខ្លះៗក៏ដោយ ប៉ុន្តែតាមរយៈការសម្របសម្រួលរបស់ចិន និងការយកចិត្តទុកដាក់ខ្ពស់របស់ចិន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើយន្តការអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាស្នូល ស្ថានភាពព្រំដែនកម្ពុជា-ថៃនឹងត្រឡប់ទៅរកប្រក្រតីភាពវិញនាពេលខាងមុខជាមិនខាន។
ក្នុងកិច្ចពិភាក្សានេះគូភាគីទាំងពីរបានបញ្ជាក់ពីមិត្តភាពដែកថែប កម្ពុជា-ចិន ជារៀងរហូត និងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





