បេក្ខជនវោហារសព្ទឆ្នើម៤រូបបានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦–បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងការវាយតម្លៃប្រកបដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌ក្នុងវគ្គជម្រុះជុំទី៣ រួចមក កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ បានរកឃើញបេក្ខជនវោហារសព្ទឆ្នើមចំនួន ៤រូប ដែលទទួលបានសិទ្ធិឈានទៅកាន់ «វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» រួមមាន៖
១.បេក្ខជន ហេង ឌីមែន មកពីវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ
២.បេក្ខជន សុខ វណ្ណលីតា មកពីវិទ្យាល័យដំដែក ខេត្តសៀមរាប
៣.បេក្ខជន ភាក់ សុវណ្ណដា មកពីសាលាមីគីវ៉េ រាជធានីភ្នំពេញ
៤.បេក្ខជន សេង ស៊ុនហេង មកពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ

គណៈកម្មការរៀបចំការប្រកួត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងតស៊ូ និងបានបង្ហាញសមត្ថភាពយ៉ាងប៉ិនប្រសប់ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ នេះ។ ទន្ទឹមនឹងនេះ ក៏សូមកោតសរសើរចំពោះភាពក្លាហាន ការប្ដេជ្ញាចិត្ត និងស្មារតីសិក្សាស្វែងយល់របស់ប្អូនៗទាំងអស់ដែលបានចូលរួមបង្ហាញសក្ដានុពលដ៏ល្អប្រសើរក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ និងសូមប្អូនៗទាំងអស់បន្តរក្សានូវស្មារតីខិតខំប្រឹងប្រែង ព្យាយាមរៀនសូត្រ និងស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជន និងយុវនារីដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ និងសមត្ថភាព អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





