ឯកឧត្តម គន់ គីម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន ១៨៤គ្រួសារ ដើម្បីផ្តល់ដីធ្វើកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនសរុបចំនួន ១៨៤ គ្រួសារ រស់នៅ ភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីផ្តល់ដីធ្វើកសិកម្ម។ ឯកឧត្តម គន់ គីម ថ្លែងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែណែនាំជាប់ជាប្រចាំអំពីកិច្ចការគ្រប់គ្រង និងរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជាប្រយោជន៍សម្រាប់សមាជិកសមាគមដែលមានជីវភាពទីទ័ល និងខ្វះខាត។ ក្រោមកិច្ចសហការរវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានរួមគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ កំណត់ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជន។

ការរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន មានគោលបំណង ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់សោធន។

សូមជម្រាបថា ដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ជូនអតីតយុទ្ធជនធ្វើកសិកម្ម នៅ ភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា៕

ដោយ៖ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





