អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញឲ្យមន្ត្រីសុរិយោដីបង្កើនល្បឿនចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីសម្រេចផែនការ ៦ខែ ទូទាំងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យថ្ងៃទី០២ខែមិថុនាឆ្នា២០២៦--ដើម្បីធានាបាននូវ «សេវាគាប់ចិត្ត សុវត្ថិភាពក្នុងការកាន់កាប់ និងបរិយា កាសគ្មានវិវាទ» ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញ និងអាជ្ញាធរវាស់វែងដីធ្លីទាំង អស់ ត្រូវតែបង្កើនសកម្មភាពទ្វេដងលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យស្របតាមផែនការយុទ្ធសាស្ត្រ ០៦ខែ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋទូទាំងខេត្ត។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នាសាលប្រជុំ (ក) សាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកប្រធាន -អនុប្រធានមន្ទីរ មន្ត្រីជំនាញ និងមន្ត្រីចុះបញ្ជីមកពីទាំង ០៩ក្រុង-ស្រុក សរុបចំនួន ១៤៧នាក់។
នៅក្នុងឱកាសនោះ លោក លៀម សុដា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញនាពេលកន្លងមក។
ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ និងណែនាំដល់មន្ត្រីអាជ្ញាធរវាស់វែងដីធ្លីទាំងអស់ថាមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនសកម្ម ភាពការងារឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ យើងត្រូវធ្វើការឱ្យស្របតាមផែនការកំណត់ ០៦ខែ ដើម្បីឈានទៅសម្រេចការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយ មានជ័យ ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
លោកអភិបាលរងខេត្ត បានបន្ថែមថា ការពន្លឿនការងារនេះ មិនត្រឹមតែឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកាត់បន្ថយទំនាស់ដីធ្លី និងលើ កកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ពលរដ្ឋតាមរយៈការមានប្លង់កម្មសិទ្ធិស្របច្បាប់ផងដែរ។
ជាការឆ្លើយតបទៅនឹងការណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំមន្ត្រីក្រោមឱវាទដោះស្រាយ និងអនុវត្តការងារនេះឱ្យជោគជ័យ។
លោក មាស ដារ៉ា បានលើកឡើងថា ក្នុងនាមមន្ទីរជំនាញ ខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងខ្ពស់បំផុត ក្នុងការដឹកនាំ កៀរគរកម្លាំងមន្ត្រីជំនាញ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ឱ្យដើរស្របតាមផែនការ ០៦ខែ ដែលបានកំណត់។ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាថាការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទូទាំងខេត្តបន្ទាយមានជ័យ នឹងប្រព្រឹត្តទៅដោយរលូន ស្មោះត្រង់ និងតម្លាភាព។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរជំនាញ ក្នុងការអនុវត្តគោលន យោបាយដីធ្លីរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវ «សេវាគាប់ចិត្ត សុវត្ថិ ភាពក្នុងការកាន់កាប់ បរិយាកាសគ្មានវិវាទ» ជូនដល់ប្រជាពលរដ្ឋគ្រប់រូបនៅ ក្នុងខេត្តទាំងមូល៕
ដោយ ៖ឈុនសារ៉ាត





