អភិបាលស្រុកគិរីវង់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខនិងសុវត្ថិភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ
AKP តាកែវថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៦--គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ បើកកិច្ចប្រជុំដើម្បីពង្រឹងការអ នុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល រងស្រុកគិរីវង់ លោកប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក អធិការនគរបាលស្រុក កម្លាំងសមត្ថកិច្ចឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនកងរាជអាវុធហត្ថស្រុក លោក លោកស្រីមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំង១២ ក្នុងស្រុកគិរីវង់ចូលរួមផងដែរ។
ថ្លែងសំណេះសំណាលក្នុងពិធីនោះ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានលើកឡើងថា ត្រូវបន្តពង្រឹងនិងជំរុញការអនុវត្ត គោលនយោបាយ "ភូមិ-ឃុំ-សង្កាត់" មានសុវត្ថិភាព ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង លួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗទៀត។ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសបច្ចេកវិ ទ្យា(Scam Online) ដែលកំពុងបង្កការរំខាន ដល់ការរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោក ងួន ឌីណា ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយដល់ម្ចាស់ទីតាំង អគារ ឃ្លាំង បន្ទប់ជួល កន្លែងស្នាក់នៅរបស់ជនបរទេស ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកគិរីវង់ ក៏ដូចជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ត្រូវផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ(Online Scame)គ្រប់ទម្រង់ និងបទល្មើសផ្សេងៗទៀត។ដើម្បីរួមចំណែកថែរក្សាសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលស្រុកគិរីវង់ បានបន្តថា ការដាក់ចេញនូវទិសដៅការងារបន្ត និងវិធានការចាំបាច់មួយចំនួន ដើម្បីពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចជំនាញឱ្យកាន់តែមានសាមគ្គីភាពល្អ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ និងប្រជាជននៅក្នុងភូមិសាស្ត្រស្រុកគិរីវង់ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ៖អ៊ុច សៀង





