បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានការថយចុះពី៧០ទៅ៨០ភាគរយ
AKP កំពង់ធំ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦បានបើកកិច្ចប្រជុំ បូកសរុបវាយតម្លៃ អំពីលទ្ធផលការងារការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ ឆ្នាំ២០២៥-២០២៦ នាពេលកន្លងទៅ និងដាក់ចេញនូវវិធានការបន្តនារដូវបិទនេសាទឆ្នាំ២០២៦ ដែលនឹងឈានមកដល់នៅថ្ងៃទី០១ ខែ មិថុនាដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមអធិបតីភាពលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត ប្រធានគណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត ព្រមទាំងដោយមានការចូលរួមពីប្រធានមន្ទីរបរិស្ថានខេត្ត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក ឃុំ និងបណ្ដាមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងចម្រុះគណៈបញ្ជាការស្រាល បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយនិងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងបណ្ដាតំបន់មួយចំនួនទៀត នៅក្នុងខេត្តកំពង់ធំ ដែលកងកម្លាំងចម្រុះ បានសហការជាមួយបណ្ដាអង្គភាពនៃគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប បានរួមគ្នា ធ្វើសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។បច្ចុប្បន្ននេះ មជ្ឈដ្ឋានទូទៅមានការកោតសរសើរ ដោយផលត្រីបានសម្បូរឡើងវិញជាបណ្ដើរៗ ។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឡើងថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំរួមគ្នា ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមជាមួយជំនាញជលផលក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។ ជាមួយនេះដែរ លោកនាយខណ្ឌជលផល ក៏បានគូសបញ្ជាក់អំពីសេចក្តីជូនដំណឹងស្ដីពី រដូវបិទនេសាទឆ្នាំ ២០២៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងសំណូមពរដល់កងកម្លាំងចម្រុះសូមបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យជាថ្មីទៀត ។

បន្ទាប់មកអង្គប្រជុំដែលមានមេឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ មេឃុំពាមបាង ស្រុកស្ទោង និងអាជ្ញាធរដែនដីស្រុកទាំងពីរ ព្រមទាំងមន្ត្រីជំនាញ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រី ដែលមានការពាក់ព័ន្ធ ក្នុងគណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានពិភាក្សានិងវាយតម្លៃយ៉ាងម៉ត់ចត់ អំពីលទ្ធផលការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបើកនេសាទ ឆ្នាំ២០២៥ឆ្នាំ២០២៦កន្លងទៅ ដោយបានឯកភាពវាយតម្លៃអំពីមោទនភាពជោគជ័យ ដោយបានធ្វើឱ្យបទល្មើសនេសាទមានការថយចុះប្រមាណពី ៧០ទៅ៨០ភាគរយ។ ហើយក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយឱ្យបានល្អនៅពេលខាងមុខ ។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត ប្រធានគណៈបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ នៅតំបន់បឹងទន្លេសាប បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីបណ្ដាមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ដែលបានរួមគ្នា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទទួលបានជោគជ័យគួរជាទីមោទនភាព ។
ជាមួយនេះដែរ លោកអភិបាលរងខេត្តក៍បានឯកភាពលើការវាយតម្លៃ លទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានជោគជ័យដោយបទល្មើសមានការថយចុះពី ៧០ ទៅ ៨០ ភាគរយ និងបានដាក់ចេញនូវទិសដៅ និងវិធានការចាំបាច់នានាមួយចំនួនដែលត្រូវរួមគ្នាជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ស្ដីពីជលផល រួមជាមួយបទបញ្ជានានាឱ្យមានប្រសិទ្ធភាពដើម្បីសង្គមជាតិនិងប្រជាជនកម្ពុជាយើងទាំងអស់គ្នា៕
ដោយ ស៊ុម វណ្ណា





