គម្រោង Wonders Of The Mekong ប្រារព្ធទិវាត្រីផ្លាស់ទីពិភពលោក ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦--ជារៀងរាល់ឆ្នាំក្នុងខែឧសភា គឺជាពេលដែលគម្រោងអច្ឆរិយ:ទន្លេមេគង្គ (Wonders Of The Mekong)បានប្រារព្ធទិវាត្រីផ្លាស់ទីពិភពលោក ដើម្បីឆ្លុះបង្ហាញពីសារៈសំខាន់នៃប្រភេទត្រីដែលធ្វើការផ្លាស់ទី។ នេះបើតាមការឱ្យដឹងពី គម្រោង Wonders Of The Mekong នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ។

ទន្លេមេគង្គក្នុងប្រទេសកម្ពុជាគឺជាជម្រកប្រត្រូមាណជាងមួយពាន់ប្រភេទ ហើយក្នុងនោះមានប្រភេទត្រីផ្លាស់ទីជាង៨៧ភាគរយ។ ជាពិសេសប្រភេទត្រីដែលមានទំហំខ្លួនយក្សមានដូចជាត្រីគល់រាំង ត្រីរាជ និងត្រីបបែលយក្សជាដើម ដែលតែងតែធ្វើដំណើរផ្លាស់ទីចុះឡើងពីទន្លេមេគង្គទៅទន្លេសាបជាប្រចាំ។ ការប្រារព្ធពិធីក្នុង ឆ្នាំ២០២៦នេះធ្វើឡើងក្រោមប្រធានបទ “ពួកយើងជាប្រជាជនតាមដងទន្លេ”។

គួរកត់សំគាល់ផងដែរថា នៅក្នុងប្រទេសកម្ពុជា រដូវបិទនេសាទនៅខេត្តភាគខាងជើងនិងតំបន់ទន្លេសាបនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា លើកលែងតែខេត្តស្ទឹងត្រែងដែលចាប់ផ្តើម និងបញ្ចប់មុនមួយខែ។ រីឯខេត្តភាគត្បូងនឹងចាប់ផ្តើមរដូវបិទនេសាទចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ គម្រោងអច្ឆរិយ:ទន្លេមេគង្គ (Wonders Of The Mekong)បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងបុគ្គលគ្រប់រូប ចូលរួមអភិរក្ស និងរក្សាស្តុកត្រីទុកសម្រាប់រដូវខាងមុខ ៕
ដោយ ណយ នឿន (ប្រភព៖Wonders Of The Mekong)





