ព្រឹទ្ធសភាកម្ពុជាទទួលអំណោយមនុស្សធម៌លើកទី២០ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦--មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េបានផ្តល់អំណោយមនុស្សធម៌លើកទី២០ដល់ព្រឹទ្ធសភាកម្ពុជាតាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។

ក្នុងពិធីប្រគល់ និងទទួល នៅមន្ទីរព្រឹទ្ធសភា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយមនុស្សធម៌ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារ
ណរដ្ឋកូរ៉េលើកទី២០ ដល់ព្រឹទ្ធសភាកម្ពុជានាពេលនេះ រួមមាន ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ១,៣១៧,០៣៩.០៤ដុល្លារអាម៉េរិក ដែលការផ្តល់ជំនួយមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជនភៀសសឹក គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេស។

សូមជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់ ដោយសរុបទាំងលើកនេះគឺជាលើកទី២០ ក្នុងទំហំទឹកប្រាក់ ៣០,៦៣១,៣៩៥.០៦ដុល្លារអាម៉េរិក។ ជំនួយមនុស្សធម៌ទាំងអស់ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភាគ្រប់គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





