បទវិចារណកថា៖ ការបោសសម្អាត Online Scams ចេញពីកម្ពុជា ដំណើរដ៏ម៉ឺងម៉ាត់ និងមុតស្រួច បើទោះជាមានលក្ខណៈស្មុគស្មាញ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦--
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ទើបតែចាប់ផ្តើមឮកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះនៅកម្ពុជា ខណៈដែលសាធារណជនខ្លះ នៅមិនទាន់យល់ និងមិនទាន់ដឹងពីវាច្បាស់នៅឡើយ។
Online Scams គឺជាទម្រង់នៃការបោកបញ្ឆោតដែលក្រុមជនខិលខូចដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បានប្រើប្រាស់បណ្តាញអ៊ីនធឺណិត និងបច្ចេកវិទ្យា (ដូចជា បណ្តាញសង្គម អ៊ីមែល ឬសារ SMS) ដើម្បីលួចយកប្រាក់ ព័ត៌មានផ្ទាល់ខ្លួន (លេខសម្ងាត់ លេខគណនីធនាគារ) ឬទិន្នន័យសំខាន់ៗពីជនរងគ្រោះ។
ជាការពិតណាស់ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានរងគ្រោះដោយសារ Online Scams រួចមកហើយ ពិតមែនតែវាផ្តោតសំខាន់លើជនបរទេសដែលនៅក្រៅស្រុក។
កម្ពុជាមិនដែលបដិសេធថាប្រទេសខ្លួន មិនមាន Online Scams នោះទេ តែប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុត ដើម្បីបោសសម្អាតវាចេញពីទឹកដីកម្ពុជា តាមរយៈការដាក់បញ្ជាយ៉ាងតឹងរ៉ឹងបំផុតឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវកំទេចកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ រួមទាំងចំណាត់ការច្បាប់ សម្រាប់អ្នករួមគំនិត។
ជាក់ស្តែង កម្ពុជាបានចេញច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ដែលមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ច្បាប់នេះ គឺការសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញឱ្យអស់ពីប្រទេស។
បន្ថែមពីលើច្បាប់នេះ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ហើយថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន ហើយពុំមែនជាការចៃដន្យឡើយ ហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើការងារបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនេះគឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។
អ្វីដែលគួរសោកស្តាយ និងមិនសមហេតុផលទាល់តែសោះនោះ គឺកាលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជានៅឆ្នាំ២០២៥ ប្រទេសមួយនេះបានយក Online Scams ជាលេស ដើម្បីឈ្លានពាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា ដោយកុហកបោកប្រាស់សមាគមអន្តរជាតិថាខ្លួនបើកប្រតិបត្តិការប្រឆាំង Online Scams នៅកម្ពុជាទៅវិញ។
ផ្ទុយទៅវិញ ប្រទេសមួយនេះខ្លួនឯងគឺជាមជ្ឈមណ្ឌល Online Scams ដ៏ធំមួយនៅអាស៊ី ដោយមានទាំងករណីបោកប្រាស់តាមរយៈការលក់ទំនិញក្លែងក្លាយ ការឆបោកស្នេហា និងការបោកបញ្ឆោតឱ្យវិនិយោគគ្រីពតូ (Crypto Scams) និងជាមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center Gangs) ផងដែរ។
ម្យ៉ាងវិញទៀត សកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បាននិងកំពុងបន្តយ៉ាងសកម្ម ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួនជាង ៤០០ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាប័ណ្ណ កាស៊ីណូចំនួន ២៥ទីតាំងពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។
ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៤៣សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យ(ជនត្រូវចោទ) ចំនួន ១ ៤៥៨នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១នាក់ មាន១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរផងដែរ។
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមអនឡាញ សរុបចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣ នាក់ មាន ៣៣សញ្ជាតិ។ ទាំងនេះបើយោងតាមទិន្នន័យរបស់ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ជាមួយនឹងលទ្ធផលនេះ កម្ពុជាក៏បាននិងកំពុងបន្តយ៉ាងសកម្មនូវការងារដ៏ស្មុគស្មាញនេះ បើទៅជាក្រុមឧក្រិដ្ឋជនដែលមានរចនាសម្ព័ន្ធនេះបានជ្រើសយកវិធីបំបែកខ្លួនជាក្រុមតូចៗ និងស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ឬកន្លែងណាមួយ ដែលមិនមែនជាលក្ខណៈប្រមូលផ្តុំ ដើម្បីចៀសវាងពីការតាមដាន និងបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
សាធារណជនប្រាកដជាចាំបានថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយនឹងសារព័ត៌មានធំៗលំដាប់ពិភពលោក រួមមាន Reuters, AFP និង Fox News ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកម្ទេច Online Scams ឱ្យអស់ពីប្រទេស។
នៅពេលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា”។
ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តផងដែរក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យអស់ពីកម្ពុជា។ សារទាំងនេះពិតមែនតែខ្លី តែបានបញ្ជាក់ថា កម្ពុជានឹងមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្តបំផ្លាញសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា ជាដាច់ខាត។
នៅក្នុងកម្រិតជាតិវិញ សម្តេចធិបតី តែងតែបញ្ជាក់អំពីការខិតខំក្នុងការបោសសម្អាត Online Scams ហើយការងារនេះគឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងវេទិកានានា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបញ្ជាក់ពីការចង់ឃើញនូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ជាសរុបរួម ការប្តេជ្ញាចិត្តនេះ គឺពិតជានឹងសម្រេចបានក្នុងពេលខាងមុខ ហើយការបោសសម្អាត Online Scams ចេញពីកម្ពុជា នឹងធ្វើដំណើរដោយស្វាហាប់ និងមោះមុតបំផុត បើទោះជាវាមានលក្ខណៈស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ។
យើងគួរតែជឿជាក់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើកិច្ចការដ៏លំបាកនេះ ព្រោះភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការរក្សាកេរ្តិ៍ឈ្មោះប្រទេសជាតិ និងការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន គឺជាកិច្ចការអាទិភាព និងជាទិសដៅរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហើយយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិយើងទាំងអស់គ្នា ដូចពាក្យស្លោកដែលបាននិយាយថា «ខ្មែរតាំងចិត្ត ខ្មែរធ្វើបាន» និង«ខ្មែររួបរួម ខ្មែរខ្លាំង»៕

ដោយ AKP





