លោកជំទាវ ឈុត ដាលីន ដាស់តឿនសិស្សានុសិស្សវិទ្យាល័យមង្គលបូរី ឱ្យរួមគ្នាទប់ស្កាត់ហានិភ័យលើអនឡាញ និងថែទាំសុខភាពផ្លូវចិត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប ប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាឧបករណ៍មិនអាចខ្វះបានសម្រាប់ការសិក្សានិងការកម្សាន្ត ប៉ុន្តែវាក៏ជាមុខព្រួញបង្កប់ដោយគ្រោះថ្នាក់ដែលស្មានមិនដល់ផងដែរ ប្រសិនបើប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្ន។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត(គ.ក.ស.ក) សហការជាមួយអង្គការទស្សនៈពិភពលោក (World Vision) បានរួមគ្នារៀបចំ «វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) ខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរកិច្ចការនារីខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៥៥នាក់ (ក្នុងនោះសិស្សស្រីមានចំនួន ១៥៥នាក់)។

នៅក្នុងឱកាសនោះ លោកជំទាវ ឈុត ដាលីន បានថ្លែងសុន្ទរកថាបើកវេទិកាដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការយល់ដឹងពីសុវត្ថិភាពឌីជីថល និងផលប៉ះពាល់ផ្នែកស្មារតី។ លោកជំទាវបានមានប្រសាសន៍ថា បច្ចុប្បន្ន កុមារ និងយុវជនយើងភាគច្រើនចំណាយពេលច្រើនលើទូរស័ព្ទដៃ និងបណ្តាញសង្គម។ ប្រព័ន្ធអនឡាញមានផលចំណេញច្រើនសម្រាប់ការស្វែងរកចំណេះដឹង ប៉ុន្តែវាក៏ជាកន្លែងដែលងាយរងគ្រោះបំផុតពីការបោកប្រាស់ ការគំរាមកំហែង និងការអូសទាញទៅរកភាពអសកម្មផ្សេងៗ ដែលជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់សុខភាពផ្លូវចិត្ត និងលទ្ធផលនៃការសិក្សា។
លោកជំទាវប្រធានគណៈកម្មាធិការ ក៏បានដាស់តឿន និងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះរៀបចំពេលវេលាប្រើប្រាស់ឱ្យបានត្រឹមត្រូវ ចេះការពារព័ត៌មានផ្ទាល់ខ្លួន និងត្រូវហ៊ាននិយាយចេញ ឬរាយការណ៍ទៅកាន់លោកគ្រូ អ្នកគ្រូ ឬឪពុកម្តាយ នៅពេលជួបប្រទះការបៀតបៀនណាមួយតាមអនឡាញ។ លោកជំទាវក៏បានរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមន្ទីរជំនាញ និងលោកគ្រូអ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្លូវចិត្តរបស់សិស្ស ព្រោះស្មារតីដែលរឹងមាំ និងបរិយាកាសសិក្សាដែលមានសុវត្ថិភាព គឺជាគ្រឹះនៃការបង្កើតធនធានមនុស្សដ៏មានគុណភាព។

ក្រោយពីបានត្រាប់ស្តាប់ការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងយ៉ាងក្បោះក្បាយរួចមក សិស្សានុសិស្សដែលបានចូលរួមបានសម្តែងនូវក្តីរំភើប និងការគាំទ្រយ៉ាងខ្លាំងចំពោះវេទិកានេះ។ យុវតីម្នាក់ តំណាងឱ្យសិស្សានុសិស្សវិទ្យាល័យមង្គលបូរី បានចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនថា «កន្លងមក ពួកខ្ញុំប្រើប្រាស់ហ្វេសប៊ុក និងទិកតុក គ្រាន់តែដើម្បីកម្សាន្ត និងមើលមេរៀនខ្លះៗប៉ុណ្ណោះ ដោយមិនដែលបានគិតពីបញ្ហាសុវត្ថិភាព ឬការលួចទិន្នន័យនោះទេ។ ក្រោយពីបានចូលរួមវេទិកានេះ ខ្ញុំយល់ដឹងច្បាស់ពីរបៀបការពារគណនីផ្ទាល់ខ្លួន និងដឹងពីវិធីដោះស្រាយពេលមានគេមកគំរាមកំហែង។ អ្វីដែលកាន់តែពិសេស គឺយល់ដឹងពីរបៀបថែទាំសុខភាពផ្លូវចិត្តមិនឱ្យស្មុគស្មាញដោយសារសម្ពាធពីបណ្តាញសង្គម»។

រីឯយុវសិស្សម្នាក់ទៀត ក៏បានបន្ថែមដែរថា វេទិកានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវវ័យសម័យនេះ ព្រោះវាបានជួយដាស់តឿនពួកគេមិនឱ្យធ្លាក់ក្នុងអន្ទាក់នៃការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា និងចេះស្រឡាញ់ ថែរក្សាសុខភាពផ្លូវចិត្តខ្លួនឯង និងមិត្តភក្តិជុំវិញខ្លួន។
វេទិកាផ្សព្វផ្សាយនេះ មិនត្រឹមតែបានផ្តល់នូវចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះនូវស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ដល់យុវជនជំនាន់ក្រោយ ក្នុងការដើរឱ្យទាន់សម័យកាលឌីជីថល ប្រកបដោយភាពវៃឆ្លាត ធានាបាននូវសុវត្ថិភាពទាំងរាងកាយ និងផ្លូវចិត្ត ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត៕
ដោយឈុនសារ៉ាត





