សម្តេចតេជោ ហ៊ុន សែន៖ កម្មវិធី «ដាស់ស្មារតីជាតិ» បង្ហាញនូវការចងចាំបទពិសោធ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំងសាមគ្គីភាព និងឯកភាពជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ -- ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងវិញនូវខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុងហ្វេសប៊ុករបស់សម្តេចថា ការចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចងចាំបទពិសោធ និងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំងសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។

សម្តេចប្រមុខរដ្ឋស្តីទីបន្តថា៖ «យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពតាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែងដែលបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែ វាទាមទារឱ្យមានការរួបរួម ការលះបង់និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ យុទ្ធនាការស្មារតីជាតិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិអាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ គឺជាមេរៀនដ៏មានតម្លៃដែលជំរុញឱ្យយើងទាំងអស់គ្នាបន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ»។
យើងទាំងអស់គ្នាក៏នៅចងចាំបាននូវសារដ៏មានអត្ថន័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង»។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ស.ស.យ.ក ដែលជាអ្នករៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» ក៏បានគូសរំលេចឱ្យដឹងថា៖ «គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ (Day of Reckoning) គឺនាំមកនូវការជួបជុំក្រោមដំបូលតែមួយ ដើម្បីរំឭកនិងចងចាំអំពីអតីតកាលដ៏ជូរចត់ ប៉ុន្តែ ពោរពេញដោយមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូលបានឆ្លងកាត់រួមគ្នា ក្នុងនាមជាប្រជាជាតិមួយ។ កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងសម្រេចបានដោយលំបាកនេះ។ សន្តិភាព គឺជាអ្វីដែលយើងទាំងអស់គ្នាតែងបន្តការពារ ថែរក្សា និងប្រកាន់ខ្ជាប់ជានិច្ច ព្រមជាមួយនឹងស្មារតីនៃការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»៕
ដោយ៖ គង់ សិរីរ័ត្ន





