ឯកឧត្តម ផូ ផារិទ្ធ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវ១ខ្សែ ដោយក្រាលដីល្បាយក្រួសក្រហមប្រវែង១០គីឡូម៉ែត្រ និងសាងសង់លូមូលមុខ០១ចំនួន២កន្លែងក្នុងឃុំកកោះ និងឃុំទីពោ
AKP កំពង់ធំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោក គួង គា ប្រធានការិយាល័យផ្លូវជនបទ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវ១ខ្សែដោយក្រាលដីល្បាយក្រួសប្រវែង ១០.០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ និងសាងសង់លូមូលមុខ០១ចំនួន២កន្លែង ស្ថិតនៅក្នុងឃុំកកោះ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM-2025-No-012) អនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១។

ក្នុងឱកាសនោះឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម និងជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្តីស្រឡាញ់ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ជាពិសេសបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង គឺផ្លូវសម្រាប់ជាចំណងដៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ផូ ផារិទ្ធ សូមជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន និងបានប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម សូមមេត្តាចូលរួមថែរក្សាអនាម័យ ប្រុងប្រយ័ត្នពេលធ្វើដំណើរ និងចូលរួមថែទាំផ្លូវសាធារណៈ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់។ ផ្លូវក្រាលក្រួសក្រហម១ខ្សែនេះមានសារៈប្រយោជន៍ដល់ពុកម៉ែបងប្អូនបានប្រើប្រាស់ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន បានដោយសុខសុវត្ថិភាព ងាយស្រួល និងឆាប់រហ័សជាងមុន៕


ដោយ ស៊ុម វណ្ណា





