ក្រសួងការពារជាតិ គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រារព្ធទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិលើកទី៧៨
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--ក្រសួងការពារជាតិ គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រារព្ធទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ លើកទី៧៨ ដោយបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងរក្សាសន្តិភាព ដែលបានពលីក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មាធិការជាតិ និងលោកជំទាវ វ៉្លាដាន់កា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមានប្រសាសន៍ថា ជាការពិត នៅក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ទោះបីប្រទេសជាតិកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅតែចងចាំ និងដឹងគុណជានិច្ចចំពោះកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងទ័ពមួកខៀវមកស្វែងរកសន្តិភាពនៅកម្ពុជា។ ដែលការណ៍នេះ ទើបកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅស្វែងរកសុខសន្តិភាពនៅបណ្តាប្រទេសដែលជួបវិបត្តិដោយសារសង្គ្រាមចាប់តាំងពីឆ្នាំ២០០៦មក ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលការចូលរួមនេះបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងមនុស្សធម៌សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

នាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម តេនា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាពដែលបានពលីដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំពោះកម្ពុជា ការប្រារព្ធទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិឆ្នាំនេះ បានធ្វើឱ្យប្រជាជនកម្ពុជានឹកឃើញអំពីគុណតម្លៃនៃសន្តិភាព ដែលកម្ពុជាសម្រេចបានដោយលំបាក ដែលក្នុងពេលបច្ចុប្បន្ននេះប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកនៅបន្តច្បាំងគ្នា បង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងអាយុជីវិតប្រជាជន ហើយជាការពិតនៅក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ទោះបីប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅតែចងចាំ ដឹងគុណជានិច្ច និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងរក្សាសន្តិភាពទ័ពមួកខៀវមកស្វែងរកសន្តិភាពនៅកម្ពុជា ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។

គួររម្លឹកផងដែរថា កម្ពុជាដែលធ្លាប់ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងទទួលវត្តមានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UNTAC) បានប្រែក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវទៅស្វែងរកសុខសន្តិភាពជូនបណ្តាប្រទេសនៅលើពិភពលោកចាប់ពីឆ្នាំ២០០៦មក ទៅកាន់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ាជាដើម៕

ដោយ ចាន់ សុភឿន





