រដ្ឋបាលខេត្តកណ្តាលរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នៅស្រុកកៀនស្វាយ
AKP កណ្តាល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ស្ថិតនៅក្នុងបរិវេណវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្កកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្កកណ្តាល បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម។ ជាពិសេសដើម្បី លុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។

តាមរយៈការផ្សព្វផ្សាយច្បាប់របស់លោកគ្រូឧទ្ទេសអំពីខ្លឹមសារនៃមេរៀននីមួយៗ ដែលបានធ្វើបទបង្ហាញតាមរយៈសំណួរចម្លើយ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋ ប្អូនៗ និងក្មួយៗ សិស្សានុសិស្ស បានយល់ច្បាស់ពីអត្ថន័យ និងការជួយអន្តរាគមន៍នៅពេលដែលមានហេតុការណ៍កើតឡើង ពីវិធីសាស្ត្រ និងវិធានការទប់ស្កាត់បែបណា ឬក៏យើងត្រូវចូលរួមសហការបែបណាដើម្បីសហការបង្ក្រាបនូវបទល្មើសផ្សេងៗដែលបានកើតឡើង ពាក់ព័ន្ធទៅនឹងបទល្មើសហឹង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ តាមប្រព័ន្ធអនឡាញក្តី ហើយក៏ដូចជាការជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់រូបភាព និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។

លោកស្រី អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាបងប្អូនជាតំណាងម្ចាស់អាជីវកម្មនានា សូមចូលរួមសហការទាំងអស់គ្នាឲ្យបានយ៉ាងសកម្ម គ្រប់ទម្រង់គ្រប់រូបភាពដើម្បីនាំគ្នាជួយផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ ឱ្យមានប្រសិទ្ធភាពជាទីបំផុត និងសូមបន្តយកចិត្តទុកដាក់ចំពោះ បងប្អូនសាច់ញាតិ ដែលគាត់ធ្វើចំណាកស្រុកក្រៅប្រទេសក្ដី ក្នុងប្រទេសក្ដី ត្រូវមានទំនាក់ទំនងជាមួយគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីទទួលបានព័ត៌មានពីពួកគាត់ ព្រោះថាការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលមិនមានការគ្រប់គ្រងច្បាស់លាស់គឺជាមូលហេតុមួយដែលនាំឲ្យមានការជួញដូរមនុស្សទៅក្រៅប្រទេសផងដែរ។ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការទប់ស្កាត់នៅបទល្មើសបោកប្រាស់តាមប្រព័ន្ធ lnternet (Scam Online) ក្នុងករណីមានការសង្ស័យលួចលាក់ បើកទីតាំងធ្វើអាជីវកម្ម Scam Onlineនេះ សូមបងប្អូនប្រជាពលរដ្ឋជួយរាយការណ៍មកដល់អាជ្ញាធរ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ។

ក្នុងវេទិកាផ្សព្វផ្សាយនាពេលនេះក៏មានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ មេភូមិ ក្មួយៗយុវជន កាកបាទក្រហម កាយរិទ្ធិ ស.ស.យ.ក សិស្សានុសិស្ស សមាជិកសមាគមនារី ប្រជាពលរដ្ឋ និងតំណាងម្ចាស់អាជីវកម្មនានាផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





