ឯកឧត្តម សុខ លូ ជួបក្រុមការងារអន្តរក្រសួង ពិភាក្សាអំពីការអនុវត្តន៍គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គមសាកល្បង
AKP បាត់ដំបង ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបជាមួយក្រុមការងារអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាដើម្បីពិភាក្សាអំពីការអនុវត្តន៍គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គមសាកល្បងនៅក្នុងខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានចាត់ទុកគម្រោងខាងលើពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការរួមចំណែកដោះស្រាយបញ្ហាសំណង់មិនរៀបរយ ខណៈក្នុងក្រុងបាត់ដំបងមានប្រជាពលរដ្ឋ៣៥១២គ្រួសារ ដែលមានជីវភាពក្រីក្រទាមទារឱ្យមានការដោះស្រាយជាចាំបាច់។ប្រជាពលរដ្ឋជាច្រើនគ្រួសារបានយល់ព្រមរុះរើចេញពីតំបន់សំណង់មិនរៀបរយក្នុងក្រុង ហើយកំពុងត្រូវការទីលំនៅដែលសមរម្យថ្មីផងដែរ ។

ជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយលោក ហេង សាលពិសិដ្ឋអគ្គនាយករងនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដឹកនាំដោយលោក សុខ សំអុន អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន និងក្រុមការងារអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាដឹកនាំដោយលោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេស ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





