អគ្គលេខាធិការរង អាជ្ញាធរទន្លេសាបចុះតាមដានការកាប់ទន្រ្ទានព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកមោងឫស្សី
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--លោក ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការតាមដាន និងត្រួតពិនិត្យលើការកាប់ទន្ទ្រានព្រៃលិចទឹក និងការបន្តចូលអាស្រ័យផលក្នុងតំបន់៣ ដែលជាតំបន់ត្រូវការពារ ស្ថិតក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានការចូលរួមពី អភិបាលរងស្រុកមោងឫស្សី នាយផ្នែកជលផលស្រុកមោងឫស្សី មន្ត្រីកសិកម្មស្រុក នាយករងរដ្ឋបាលស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ។

លោក ខូវ មាសបានបញ្ជាក់ថា កិច្ចប្រជុំមានគោលបំណង ពិនិត្យ និងតាមដានស្ថានភាពទូទៅ ព្រមទាំងចុះពិនិត្យតាមដានទីតាំងជាក់ស្តែងជាប្រចាំ ពាក់ព័ន្ធនឹងសកម្មភាពកាប់ទន្ទ្រាន កាន់កាប់ និងប្រើប្រាស់ដីព្រៃលិចទឹកដោយខុសច្បាប់ ក្នុងតំបន់៣ ដើម្បីទប់ស្កាត់ និងបង្ការឱ្យបានទាន់ពេលវេលា ។ ជំរុញការអនុវត្តន៍ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ស្តីពីការគ្រប់គ្រង និងអភិរក្សតំបន់៣ នៃដែនព្រៃលិចទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ការកាប់ទន្ទ្រាន កាន់កាប់ និងប្រើប្រាស់ដីតំបន់៣ ដោយខុសច្បាប់ ។ ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃលិចទឹក ដែលជាសម្បត្តិធនធានធម្មជាតិសម្រាប់ត្រីពងកូន និងជីវចម្រុះគ្រប់ប្រភេទ ។

ក្នុងឱកាសនោះ ក្រុមការងារក៏បានចុះពិនិត្យនៅទីតាំងជាក់ស្តែង ក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីបទប្បញ្ញត្តិច្បាប់ជូនប្រជាពលរដ្ឋ ដោយណែនាំមិនឱ្យមានការចូលកាប់ទន្ទ្រាន បង្កបង្កើនផល ឬប្រើប្រាស់ដីហួសខ្សែបន្ទាត់ព្រំប្រទល់តំបន់៣ ដែលជាតំបន់ការពារដាច់ខាត ព្រមទាំងជំរុញឱ្យចូលរួមថែរក្សា និងអភិរក្សព្រៃលិចទឹក និងធនធានធម្មជាតិឱ្យបានគង់វង្ស៕

ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





