អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ដក្រចេះ រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍និងជំរុញការប្រើប្រាស់ App NoDrug
AKP ក្រចេះ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ បានសហការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ តាមរយៈសិក្ខាសាលាផ្សព្វផ្សាយអប់រំស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍។ សិក្ខាសាលានេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយនឹងអ្នកចូលរួមជាង១០០នាក់ មកពីមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ កងកម្លាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ និងអ្នកពាក់ព័ន្ធនានា។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនៅប្រសាសន៍របស់ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ និងបានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀនព្រមទាំងបានបញ្ជាក់ពីភាពចាំបាច់ការចូលរួមគ្រប់សមាសភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកុំឱ្យរីករាលដាលក្នុងសហគមន៍ បំផុសស្មារតីចូលរួម និងបំផុស ជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់App NoDrug ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសហគមន៍។

លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍បានផ្សព្វផ្សាយនូវផែនការលេខ០១ផកស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ និងសេចក្ដីណែនាំស្ដីពីការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់ក្រសួងទេសចរណ៍។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ដក្រចេះ បានលើកឡើងស្ថានភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន លើកកម្ពស់ និងទាក់ទាញអ្នកទេសចរណ៍ មកទស្សនាខេត្តតាមដងទន្លេមេគង្គ អន្លង់ផ្សោតមួយនេះ តាមរយៈ កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ទេសចរណ៍ បុណ្យទន្លេ កីឡាទេសចរណ៍ ។ល។

ជាមួយគ្នានេះ ឯកឧត្តមកាទើ មហាំម៉ាត់ណោសស្រ៊ី បានមានប្រសាសន៍ណែនាំឱ្យយកចិត្តទុកដាក់អនុវត្តន៍វិធានការរដ្ឋបាលស្របតាមច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងលិខិតបទដ្ឋានពាក់ព័ន្ធអាជីវកម្មទេសចរណ៍ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនតាមក្លឹបកម្សាន្ត KTV បៀហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ម៉ាស្សា...។ល។ បន្តអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ អនុវត្តបទបញ្ជាលេខ ០១ បប ០២បប របស់រាជរដ្ឋាភិបាល។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ការអនុវត្ដវបទបញ្ជារបស់រាជរដ្ឋាភិបាល គឺដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិក និងបំផុសការទាញយក ប្រើប្រាស់ App NoDrug ដើម្បីចូលរួមចំណែកកសាងបាននូវសហគមន៍មួយបានសុវត្ថិភាពនិងអភិវឌ្ឍដោយគ្មានគ្រឿងញៀន៕

ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





