ឯកឧត្តម អ៊ុន ចាន់ដា៖ អតីតយុទ្ធជន និងនិវត្តជនកម្ពុជាមានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ
AKP កំពង់ចាម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាមបានថ្លែងថា អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងណាស់ចំពោះជាតិមាតុភូមិ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិដែលយើងជាប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅសាលាស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព និងអតីតយុទ្ធជន និងនិវត្តជន ប្រមាណជាង ២០០នាក់។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបញ្ជាក់ថា ការប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាការដឹងគុណចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូន អតីត យុទ្ធជនយុទ្ធនារី មន្ត្រីរាជការ ជាពិសេសអ៊ំ ពូ មីង អតីតយុទ្ធជន និងនិវត្តជន និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបានបន្ថែមថា ប្រទេសជាតិ និងអាយុជីវិតប្រជាពលរដ្ឋឱ្យផុតពីគ្រោះមហន្តរាយ រួមនឹងការស្តារកសាង អភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃ ពិតជា បានមកពីវីរភាពដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលយើងទាំងអស់គ្នាតែងចងចាំជានិច្ចនូវគុណបំណាច់ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះតគ្រប់ជំនាន់តទៅ៕


ដោយ ឆាយ ម៉ុត





