ឯកឧត្តម យិត ភីរៈ ជំរុញឱ្យកីឡាករគោរពបទបញ្ជាបច្ចេកទេស ដើម្បីឱ្យការប្រកួតវាយសីជើងឯកនគរបាលអាស៊ាន ពានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដំណើរការដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានជំរុញឱ្យកីឡាករ កីឡាការិនីគ្រប់ៗរូបចូលរួមប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ (លើកមកធ្វើនៅឆ្នាំ២០២៦នេះ) ត្រូវគោរពបញ្ជាការប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាជំរុញឱ្យព្រឹត្តិការណ៍មួយនេះដំណើរការដោយរលូន និងជោគជ័យ។

ការជំរុញរបស់ឯកឧត្តម យិត ភីរៈ បានធ្វើឡើងក្នុងឱកាសអញ្ជើញបើកការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ជាផ្លូវការ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ភ្នំពេញ។

ឯកឧត្តម យិត ភីរៈ ដែលជាអនុប្រធានប្រចាំការគណៈកម្មាការរៀបចំព្រឹត្តិការណ៍ប្រកួតវាយសីផងនោះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍វាយសីនេះមានការប្រកួតដណ្តើមពានរង្វាន់ធំៗចំនួន៣ គឺ១.ពានរង្វាន់នគរបាលអាស៊ាន (មាន៥ប្រទេសចូលរួម) ២.ពានរង្វាន់អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ (៧ក្លឹប) និង៣.ពានរង្វាន់ក្លឹប ដែលជាការប្រកួតរវាងក្លឹបវាយសីធំៗមកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ចំនួន១១ក្លឹប។

នៅក្នុងឱកាសបើកនេះ ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ក៏ដូចជាប្រតិភូចូលរួមទាំង៥ប្រទេសចូលរួមប្រកួតឱ្យអស់ពីសមត្ថភាព ឈរលើស្មារតីកីឡា និងគោរពឱ្យបាននូវបទបញ្ជាបច្ចេកទេស គោរពគោលការណ៍លេងដោយយុត្តិធម៌។ ក្នុងនោះក៏មានការរៀបចំបច្ចេកទេសសម្រាប់ពានរង្វាន់នគរបាលអាស៊ានផងដែរ ដែលមន្ត្រីអាជ្ញាកណ្តាល ចៅក្រមពិតជាសំខាន់ណាស់ ក្នុងការកាត់សេចក្តីប្រកបដោយយុត្តិធម៌ ពីព្រោះថា ការប្រកួតប្រជែងតែងតែចង់ឈ្នះដោយមន្ត្រីបច្ចេកទេសត្រូវកាត់សេចក្តីឱ្យបានត្រឹមត្រូវ ហើយកីឡាករទាំងអស់ត្រូវតែស្តាប់តាមការសម្រេចចិត្តរបស់អាជ្ញាកណ្តាល-ចៅក្រម។ កាលណាការប្រកួតមានការគោរពបទបញ្ជាបច្ចេកទេសបានល្អ នោះដំណើរការព្រឹត្តិការណ៍ក៏បានល្អប្រសើរដូចគ្នា។

ជាការកត់សម្គាល់ ឯកឧត្តម យិត ភីរៈ បានលើកឡើងថា ចំពោះគុណភាពបច្ចេកទេសរបស់កីឡាករមកពីប្រទេសឥណ្ឌូណេស៊ី និងវៀតណាមមានភាពលេចធ្លោលើគុណភាពបច្ចេកទេស។ ជារួម ឯកឧត្តមកត់សម្គាល់ថា បើប្រៀបធៀបនឹងគុណភាពបច្ចេកទេសរបស់កីឡាករ ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ដូចគ្នា កាលពីលើកទី១ ឆ្នាំ២០២៤ កន្លងទៅ និងព្រឹត្តិការណ៍លើកទី២នេះ ឆ្នាំ២០២៦ គឺមានភាពខុសប្លែកពីគ្នាច្រើន ដោយនៅឆ្នាំទី២នេះ បច្ចេកទេសរបស់ពួកគាត់មានការរីកចម្រើនខ្លាំង ដោយសារតែឱ្យពួកគាត់រៀបចំខ្លួនតាំងឆ្នាំ២០២៥កន្លងទៅ ខណៈការប្រកួតលើកទី២នេះត្រូវបានលើកពេលមកធ្វើ នៅឆ្នាំ២០២៦នេះជំនួសវិញ។
ឯកឧត្តម យិត ភីរៈ បានសង្កត់ធ្ងន់ថា អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺការប្រកួតវាយសីនេះមានការចូលរួមពីធនធានកីឡាករយុវជនល្អៗ ដែលជ្រើសរើសចេញពីបណ្តាលក្លឹបធំៗតែម្តង ក្នុងនោះក៏មានកីឡាករជម្រើសជាតិភាគច្រើនចូលរួមប្រកួតប្រជែងផងដែរ។ ជាមួយគ្នានេះ បណ្តាក្លឹបកីឡាវាយសីនានា ក្រោមចំណុះក្រសួងមហាផ្ទៃក៏ប្រឹងប្រែងបណ្តុះបណ្តាលធនធានកីឡាកររបស់ខ្លួនបានយ៉ាងល្អដូចគ្នាផងដែរ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសនេះដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវាយសីកម្ពុជា ព្រមទាំងការគាំទ្រពីសហភាពកីឡានគរបាលអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអារ៉ាប់រួមផងដែរ។ ការរៀបចំនេះមិនមែនត្រឹមតែជាការរៀបចំត្រឹមតែក្រសួងមហាផ្ទៃតែម្នាក់ឯងនោះទេ ពោលគឺសហការរៀបចំ ការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឱ្យវិស័យកីឡាកម្ពុជាកាន់តែល្អប្រសើរ ទទួលបានការគាំទ្រ ព្រមទាំងមានការចូលរួមប្រកួតពីយុវជន ក្នុងការជំរុញដល់សុខភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណភាពបច្ចេកទេសទៀតផង។

ជាមួយគ្នានេះ លោក Vu Duc Quang តំណាងប្រតិភូមកពីប្រទេសវៀតណាមបានបង្ហាញក្តីរីករាយ ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍វាយសីនេះ ក្រោមការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាប្រកបដោយការបដិសណ្ឋារកិច្ចដ៏កក់ក្តៅសម្រាប់ប្រតិភូកីឡាមកពីអាស៊ាន។ ក្រោយលោកប្រកួតចាញ់ក្រុមកម្ពុជាក្នុងលទ្ធផលដ៏ស្វិតស្វាញនោះ លោកក៏ប្តេជ្ញាធ្វើឱ្យបានល្អសម្រាប់ការប្រកួតក្រោយៗទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ត្រូវបានលើកពេលមករៀបចំប្រកួត រយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានកីឡាករចូលរួមសរុប ១៩២នាក់ ប្រកួតដណ្តើមពានរង្វាន់ចំនួន៣ផ្នែកធំៗពីគ្នា៕
ដោយ ហេង ណាលីន





