ខេត្តបន្ទាយមានជ័យ ប្តេជ្ញាពង្រឹងយន្តការការពារស្ត្រីនិងកុមារ ស្របតាមចក្ខុវិស័យគាំពារសង្គមរបស់រាជរដ្ឋាភិបាល
AKPបន្ទាយមានជ័យថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៦-- ការលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងការគាំពារស្ត្រីនិងកុមារ នៅតែជាអាទិ ភាពគន្លឹះដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុត។
ជាក់ស្តែង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យ (គ.ក.ស.ក) អាណត្តិទី៤ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំខេត្តបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តរុញច្រានយន្តការនេះឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់នៅមូលដ្ឋាន។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឈុត ដាលីនសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត ដោយ មានការអញ្ជើញចូលរួមពី លោកស្រី រស់ សុផានីអភិបាលរងខេត្ត និងជាអនុប្រ ធាន គ.ក.ស.ក ខេត្ត ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកជំទាវ ឈុត ដាលីន បានថ្លែងសុន្ទរកថាបើក និងដឹកនាំកិច្ចប្រជុំ ដោយបានលើកបង្ហាញយ៉ាងស៊ីជម្រៅអំពីរបៀបវារៈ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ។
លោកជំទាវបានគូសបញ្ជាក់ថា ស្ត្រី និងកុមារ គឺជាសសរស្តម្ភ និងជាអនាគតដ៏សំខាន់របស់សង្គមជាតិ។ រាជរដ្ឋាភិបាលតែងតែដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ដើម្បីធានាថាពួកគេទទួលបាននូវការការពារខាងផ្លូវ ច្បាប់ សេវាសុខាភិបាល និងឱកាសស្មើគ្នាក្នុងការអភិវឌ្ឍសមត្ថភាព។

ក្នុងនាមយើងជា គ.ក.ស.ក ខេត្ត យើងត្រូវតែជាប្រតិបត្តិករដ៏សកម្មក្នុងការនាំយកគោលនយោបាយទាំងនេះទៅអនុវត្ត ឱ្យចំគោលដៅ និងប្រកបដោយបរិយាបន្ន។
លោកជំទាវប្រធាន ក៏បានរំលឹកផងដែរពីតួនាទីរបស់គណៈកម្មាធិការ ក្នុងការធ្វើជាសេនាធិការដ៏រឹងមាំជូនក្រុមប្រឹក្សាខេត្ត ដើម្បីពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយ និងការអន្តរាគមន៍ទាន់ពេលវេលាចំពោះរាល់បញ្ហាប្រឈមនានាដែលស្ត្រីនិងកុមារនៅក្នុងខេត្តបន្ទាយមានជ័យកំពុងជួបប្រទះ។
ឆ្លើយតបទៅនឹងទិសដៅការងារនេះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ដោយបានលើកឡើងពីវឌ្ឍនភាពការងារ ក៏ដូចជាការងារចំពោះមុខដែលត្រូវបន្តអនុវត្ត។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និង ការបង្កើនកិច្ចសហការអន្តរវិស័យ។
លោកស្រី រស់ សុផានី បានថ្លែងអំណរ គុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាទាំងអស់ ព្រមទាំងបានផ្តល់ទស្សនាទានគន្លឹះៗ រួមមានការបង្កើនការផ្សព្វផ្សាយត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ការពារស្ត្រីនិងកុមារ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្សនៅតាមសហគមន៍។ពង្រឹងយន្តការឆ្លើយតបជម្រុញឱ្យមានការសហការជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងវិស័យពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះដោយទាន់ ពេលវេលា។ការតាមដាន និងវាយតម្លៃ ត្រូវពិនិត្យឡើងវិញនូវរាល់លទ្ធផលការងារប្រចាំខែ ដើម្បីស្វែងរកចំណុចខ្វះខាត និងលើកទិសដៅការងារខែបន្ទាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅជាក់ស្តែង។

ថ្នាក់ដឹកនាំទាំងពីររូប ក៏ដូចជាសមាជិកអង្គប្រជុំទាំងមូល បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ក្នុងការបន្តការងារប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីប្រែក្លាយខេត្តបន្ទាយមានជ័យ ទៅជាខេត្តគំរូមួយដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងផ្តល់ឱកាសពេញលេញដល់ស្ត្រី និងកុមារក្នុងការលូតលាស់ដោយសមធម៌ និងសេចក្តីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ឈុនសារ៉ាត





