សម្ដេចធិបតី៖ ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម លើកកម្ពស់ការប្រកួតប្រជែង និងលើកស្ទួយជីវភាពកសិករ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងពិធី, សម្ដេចធិបតីបានអបអរសាទរចំពោះក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគក្នុងការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូលើផ្ទៃដីជិត ១៥ ហិកតា ក្នុងទុនវិនិយោគប្រមាណ ៣០ លានដុល្លារ និងមានសមត្ថភាពផលិតជ័រកៅស៊ូ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព និងទំនុកចិត្តរបស់វិនិយោគិនមកលើបរិយាកាសធុរកិច្ច និងវិនិយោគរបស់កម្ពុជា។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសម្ដែងការគាំទ្រពេញទំហឹងចំពោះគម្រោងសាងសង់រោងចក្រទី២ ក្នុងខេត្តរតនគិរី របស់ក្រុមហ៊ុន ជាមួយនឹងទុនវិនិយោគ ៣០ លានដុល្លារបន្ថែមទៀត។
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារផ្ទាល់ប្រមាណ ៣០០ កន្លែង និងការងារប្រយោលជូនអ្នកចៀរជ័រកៅស៊ូប្រមាណជាង ៥ ម៉ឺនកន្លែង។ សមិទ្ធផលថ្មីនេះនឹងជួយពង្រីកទីផ្សារជ័រកៅស៊ូ, បង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។ ជាក់ស្ដែង, ចំណូលសរុបពីការលក់ផលិតផលកៅស៊ូក្នុងឆ្នាំ២០២៥ មានប្រមាណ ៨៣៣ លានដុល្លារ ដែលមានការកើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការលក់ក្នុងស្រុកមានទំហំប្រមាណ ២២៣ លានដុល្លារ កើនឡើងរហូតដល់ ១៣១% ដែលឆ្លើយតបនឹងគោលដៅបំពេញតម្រូវការផលិតកម្មក្នុងស្រុកជាជាងការនាំចេញវត្ថុធាតុដើម។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌ នៃ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ខណៈដែលការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាព។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ នៅកម្ពុជា ដែលបានសម្រាលបន្ទុកអាជីវកម្ម ជាបន្តបន្ទាប់, និង សម្រួលប្រតិបត្តិការអាជីវកម្ម ជាលំដាប់ ។
សម្តេចធិបតីបានបន្ថែមថា ការកែច្នៃផលិតផលកសិកម្មជាការងារអាទិភាពដើម្បីបង្កើនតម្លៃបន្ថែម លើកកម្ពស់ភាពប្រកួតប្រជែង និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាមាន ៣ដំណាក់កាល៖ ទី១. ការផលិត និងនាំចេញនូវវត្ថុធាតុដើម; ទី២. ការផលិត និងនាំចេញនូវផលិតផលពាក់កណ្ដាលសម្រេច; និង ទី៣. ការនាំចេញផលិតផលសម្រេច ដែលរក្សានូវតម្លៃបន្ថែមនៅក្នុងប្រទេស។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីប្រែក្លាយពីការនាំចេញវត្ថុធាតុដើមទាំងស្រុង ទៅជាការកែច្នៃក្នុងស្រុកជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច។ លើសពីនេះ, សម្ដេចធិបតីបានប្រកាសយ៉ាងច្បាស់ថា “ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែទទួលបានការគាំទ្រពីប្រជាជនឱ្យដឹកនាំប្រទេស រាជរដ្ឋាភិបាលនឹងនៅតែមិនយកពន្ធលើដីធ្លីកសិកម្មនោះទេ” ដើម្បីជាការសម្រាលបន្ទុក និងការពារផលប្រយោជន៍របស់កសិករ។
បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការសាកល្បងក្នុងការលើកទឹកចិត្តដើម្បីជំរុញខ្សែច្រវាក់ផលិតក្នុងស្រុក លើផលិតផលមួយចំនួនដូចជា៖ ទឹកដោះគោ, មី និងស្ករស ជាដើម សំដៅកាត់បន្ថយការនាំចូល និងឈានទៅដល់ការពង្រីកផលិតកម្មក្នុងស្រុក ជាអតិបរមា។ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការពង្រីកផលិតកម្មក្នុងស្រុក តាមរយៈការជួយជ្រោមជ្រែងផ្នែកពន្ធ ឬការតភ្ជាប់។ ជាក់ស្ដែង, គោលគំនិតក្នុងការបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» មួយកន្លែងស្ថិតនៅខេត្តកំពង់ធំ គឺមានគោលដៅធំក្នុងការស្វែងរកទីផ្សារដែលមានតម្លៃខ្ពស់ និងមានស្ថិរភាព ដោយយកកសិករជាគោល និងផ្ដល់តម្លៃខ្ពស់ដល់កសិផល។ សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, និង ក្រសួងពាណិជ្ជកម្ម សហការគ្នាសិក្សាខ្សែច្រវាក់ផលិតកម្ម និងការដឹកជញ្ជូន ដើម្បីបង្កើនផលិតភាព,កាត់បន្ថយថ្លៃដើមដាំដុះ និងធានាការតភ្ជាប់ទៅកាន់ទីផ្សារឱ្យកាន់តែមានតម្លៃថោក។
ទន្ទឹមនឹងការអភិវឌ្ឍវិស័យកសិកម្ម, កម្ពុជាបាននិងកំពុងកសាងសមត្ថភាពដឹកជញ្ជូនផលិតផលត្រង់ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងព្រែកជីកហ្វូណនតេជោ។ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ, សម្ដេចធិបតីបានបញ្ជាក់ថា យើងមិនត្រូវសម្លឹងត្រឹមតែផលចំណេញ ឬខាតផ្នែកធុរកិច្ចនោះទេ ប៉ុន្តែត្រូវសម្លឹងទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចជារួម តាមរយៈការធានាប្រព័ន្ធធារាសាស្ត្រ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមបណ្ដោយព្រែកជីក។
ក្រៅពីនេះ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នឹងប្រែក្លាយផ្ទៃដីកសិកម្មទៅជារោងចក្រឧស្សាហកម្មដើម្បីបង្កើតការងារ និងបង្កើនចំណូលដល់ពលរដ្ឋ ដោយដើរទន្ទឹមគ្នានឹងការធានាឱ្យបាននូវសន្តិសុខស្បៀងរបស់ជាតិផងដែរ។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ជំរុញការសាងសង់រោងចក្រ ផលិតកែច្នៃកៅស៊ូទី២ ក្នុងខេត្តរតនគិរី ជាមួយការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ នៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែង, ពិពិធភាព និង នវានុវត្តន៍ ព្រមទាំងបានអំពាវនាវដល់វិនិយោគិន, ធុរជន និងប្រជាពលរដ្ឋឱ្យក្តាប់យកឱកាសពីគម្រោងវិនិយោគនេះ និងគម្រោងវិនិយោគដទៃទៀត តាមរយៈ ការប្រតិបត្តិនូវការធ្វើអាជីវកម្ម និងការបំពេញការងារ ប្រកបដោយ សុចរិតភាព, សច្ចធម៌ និង គុណធម៌ ចំពោះដៃគូអាជីវកម្ម និងថៅកែ៕

ដោយ៖ គង់ សិរីរ័ត្ន





