អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ សម្រេចអនុម័តគម្រោងវិនិយោគថ្មី (QIP) ចំនួន ៥បន្ថែមទៀត
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាតំណាងរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ អនុគណៈកម្មា ធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ចំនួន ៥គម្រោងបន្ថែមទៀត ។

សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណគ្រប់គ្រាន់ទាំង៥ រួមមាន៖
១.រោងចក្រផលិតក្តារបន្ទះ MU.YU DECORATION MATERIAL CO., LTD. នៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ។

២. រោងចក្រកែច្នៃលោហធាតុ ដែក និងប្លាស្ទិក D.B. GOLD IMPORT & EXPORT CO., LTD. នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។
៣. រោងចក្រផលិតក្តារបន្ទះ CAMBODIAN DONGDA WOOD CO., LTD. នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ។
៤. រោងចក្រផលិត និងផ្គុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់បោះជំរុំ HONGRUNFA (CAMBODIA) MACHINERY CO., LTD. នៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ។
៥. រោងចក្រផលិតបំពង់ដែកគ្រប់ប្រភេទ ស័ង្កសី និងសម្ភារៈសំណង់បន្ទាប់បន្សំ JINDELE TECHNOLOGY PIPE INDUSTRY CO., LTD. ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមការបញ្ជាក់របស់លោក អភិបាល រងខេត្តឪ្យដឹងថា គម្រោងវិនិយោគទាំង ៥នេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវតុល្យ ភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការការពារបរិស្ថាន សង្គមប្រកបដោយនិរន្តរភាព។

ស្របជាមួយគ្នានេះដែរ លោក អភិបាល រងខេត្ត ក៏បានឱ្យតំណាងក្រុមហ៊ុនទាំង អស់លើកឡើងពីបញ្ហាប្រឈមនានាដែលរំខានដល់ការអនុវត្តគម្រោង ព្រម ទាំងបានសំណូមពរឱ្យបន្តទាក់ទាញអ្នកវិនិយោគដទៃទៀតឱ្យងាកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសការមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៧ ខាងមុខ ហើយកម្មវិធីពិសេសជំរុញការវិនិយោគនេះ គឺសម្រាប់តែខេត្តព្រះសីហនុមួយតែ ប៉ុណ្ណោះ ៕


ដោយ៖ ងូ សុមុនី





