ក្រសួងសង្គមកិច្ច និងអង្គការ UNFPA រៀបចំសិក្ខាសាលាការអនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦–អង្គការ UNFPA ការឈានចូលវ័យជរាគឺជាពរជ័យមួយ ហើយមិនគួរត្រូវបានចាត់ទុកថាជាបន្ទុកនោះឡើយ។ មនុស្សវ័យចាស់ គឺជាអ្នករួមចំណែកយ៉ាងសកម្មក្នុងក្រុមគ្រួសារ សហគមន៍ និងការអភិវឌ្ឍជាតិ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចសហការជាមួយ UNFPA អង្គការមនុស្សចាស់កម្ពុជា និងដៃគូដទៃទៀត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្ដីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។

គោលនយោបាយនេះទទួលស្គាល់ថា វ័យចាស់ប្រកបដោយសុខភាពមាំមួន និងការចូលរួមរបស់មនុស្សចាស់ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ ដើម្បីអាចសម្រេចកិច្ចការនេះ ការទទួលបានព័ត៌មានប្រកបដោយគុណភាព សេវាថែទាំ ការគាំពារសង្គម និងការគាំទ្រដែលសមស្របសម្រាប់វ័យចាស់ គឺជារឿងដែលមិនអាចខ្វះបាន។
អង្គការ UNFPA បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ប្រជាជនគ្រប់វ័យអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានសុខភាពល្អ និងឱកាសពេញមួយជីវិតរបស់ពួកគេ ៕

ដោយ៖ ណយ នឿន (ប្រភព៖UNFPA)





