សម្តេចធិបតី៖រាជរដ្ឋាភិបាលកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រ សាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានសម្រាលបន្ទុកអាជីវកម្មជាបន្តបន្ទាប់។
មានប្រសាសន៍ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏បានអបអរសាទរ វិនិយោគិន ធុរជន និង ប្រជាពលរដ្ឋ ជាពិសេស ក្នុងខេត្តត្បូងឃ្មុំ ចំពោះ សមិទ្ធផលថ្មី គឺ រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ នឹងចូល រួមលើកកម្ពស់ កម្រិតជីវភាពប្រជាពល រដ្ឋ និងផលចំណេញរបស់វិនិយោគិន និងធុរជនក្នុង ស្រុក តាមរយៈការពង្រីកទីផ្សារជ័រកៅស៊ូ, ការបង្កើតការងារ, និងការកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។

សម្ដេចធិបតីបានបន្ដថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រនេះ រាជរដ្ឋា ភិបាល នៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ និង មិនអាចខ្វះបាន នៅក្នុងការ- អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា, ខណៈដែលការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារ អាទិភាព ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើតការងារ, និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា៖«ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា ដែលបានសម្រាលបន្ទុកអាជីវកម្ម ជាបន្តបន្ទាប់ និងសម្រួ លប្រតិបត្តិការអាជីវកម្ម ជាលំដាប់»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្ត គោលនយោបាយ និង ផែនការសកម្មភាព ក្នុងវិស័យកសិកម្ម និយាយជារួម, និងអនុវិស័យកសិ-ឧស្សាហកម្ម និយាយដោយឡែក, សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើម ទាំងស្រុង ទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឱ្យទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានលើក ឡើង បន្តថា ជាក់ស្ដែង រាជរដ្ឋា ភិបាល បានដាក់ចេញនូវគោលនយោ បាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០ ២២-២០៣០ ដើម្បី ជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការកែលម្អខ្សែច្រវាក់ផលិតកម្មកសិកម្ម, ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ការផ្តល់ឥណទានសម្បទាន, ការសម្រួលដល់កសិ-ពាណិជ្ជកម្ម, ការកែទម្រង់ការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល, ការពង្រឹងអភិបាលកិច្ចស្ថាប័ន, និង ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកសិកម្ម៕
ដោយ៖ ប៊ុនរិទ្ធ, រូបថត៖ គន់ រ៉េននី





