ថ្នាក់សិក្សាឌីជីថលកម្មវិធីអប់រំ៖ ការគិតបែបកុំព្យូទ័រកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនៅតាមបណ្ដាសាលាបឋមសិក្សាគោលដៅ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦–នៅតាមបណ្ដាសាលាបឋមសិក្សាគោលដៅ សកម្មភាពនៃការបង្រៀន និងរៀន "កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ (Computational Thinking)" កំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្អូនៗសិស្សានុសិស្ស និងការយកចិត្តទុកដាក់ខ្ពស់ពីលោកគ្រូ អ្នកគ្រូ។

សិស្សានុសិស្សថ្នាក់បឋមសិក្សា បាន និងកំពុងអនុវត្ត និងរៀនអំពីការតម្រៀបប្លុកកូដបញ្ជាកម្រិតដំបូង ការរៀបចំពាក្យបញ្ជាតាមលំដាប់លំដោយ និងប្រើប្រាស់លក្ខខណ្ឌផ្សេងៗ ដើម្បីបង្កើតគម្រោងដោយខ្លួនឯង ដែលជួយបណ្ដុះកុមារលើផ្នែកដូចជា អភិវឌ្ឍការគិតបែបតក្កវិជ្ជា និងវិភាគ៖ ចេះបំបែកបញ្ហាស្មុគស្មាញ និងដោះស្រាយជាជំហានៗ។ ជំរុញភាពច្នៃប្រឌិត និងការសហការ៖ មានសេរីភាពបញ្ចេញគំនិតថ្មីៗ និងចេះពិភាក្សាគ្នាដើម្បីសម្រេចលទ្ធផល។ បង្កើនទំនុកចិត្តលើបច្ចេកវិទ្យា៖ ប្រែក្លាយពីត្រឹមជាអ្នកប្រើប្រាស់ទូទៅមកជាអ្នកចេះប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើតសមិទ្ធផលជាក់ស្ដែង។

ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះឌីជីថលដ៏សំខាន់ ក្នុងការរៀបចំកុមារកម្ពុជាឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់យុគសម័យឌីជីថល៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





