ប្រធានការិយាល័យសុខភាពសិក្សា៖ ការលើកកម្ពស់សុខភាពសិក្សាក្នុងសាលារៀន ជាការកសាងមូលធនមនុស្សឱ្យរឹងមាំ និងចីរភាព
AKP កំពង់ធំ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សាបានលើកឡើងថា ការលើកកម្ពស់សុខភាពសិក្សាក្នុងសាលារៀន ជាការកសាងមូលធនមនុស្សរឹងមាំ និងចីរភាពនៅក្នុងកម្មវិធីតាំងពិព័រណ៍អាហារសុខភាពនៅសាលាបឋមសិក្សាមាសគង់ ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦នេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឌីបិន ជោស៊ី(Dipen Joshi) General Manager នៃក្រុមហ៊ុនអូឡាមនៅប្រទេសកម្ពុជា(Olam Outspand Cambodia) និងលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនអូឡាមនៅប្រទេសកម្ពុជា និងលោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតា បិតាសិស្ស និងសិស្សានុសិស្សប្រមាណជា៥១០នាក់។លោកនាយកសាលា លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្សនិងសិស្សានុសិស្សត្រូវបរិភោគអាហារដែលមានបរិមាណខ្លាញ់តិចអំបិលតិច ស្ករតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទីដើម្បីឱ្យមានសុខភាពល្អ។

លោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថា អង្គការហេលែន ខេលល័រអន្តរជាតិ បានចាប់ដៃគូជាមួយក្រុមហ៊ុនអូឡាមអនុវត្តកម្មវិធីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជាតាមគ្រឹះស្ថានបឋមសិក្សាចំនួន១០ ក្នុងខេត្តកំពង់ធំមានស្រុកតាំងគោក២សាលា ស្រុកសន្ទុក៣សាលា និងស្រុកស្ទោងចំនួន៥សាលា ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងពីប្រភេទជំងឺមិនឆ្លងនានានៅកម្ពុជា ពិសេសជំងឺទឹកនោមផ្អែមពីផលប៉ះពាល់ និងវិធានការការពារ ព្រមទាំងធ្វើយ៉ាងណាឱ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីកំណត់ប្រភេទអាហារផ្ដល់ផលល្អសម្រាប់សុខភាព និងអាហារប៉ះពាល់សុខភាព ដើម្បីផលិតបដាប្រភេទអាហារសុខភាពដែលសម្រេចជាផ្លូវការឱ្យលក់ និងអនុញ្ញាតឱ្យសិស្សទទួលទានក្នុងសាលារៀន។

លោក ឌីបិន ជោស៊ី(Dipen Joshi) General Manager នៃក្រុមហ៊ុនអូឡាមនៅប្រទេសកម្ពុជា(Olam Outspand Cambodia) បានលើកឡើងពីចក្ខុវិស័យរបស់ក្រុមហ៊ុនអូឡាមនៅកម្ពុជា សិក្សាទៅលើផ្នែកកសិកម្មសកលដែលមានភាពខុសប្លែក និងមានតម្លៃខ្ពស់បំផុតផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។ការលើកកម្ពស់ជីវភាពកសិករ ការផ្គត់ផ្គង់អាហារដែលមានតម្លាភាព និងគុណភាព ការការពារបរិស្ថាន និងធនធានធម្មជាតិ។ ការលើកទឹកចិត្តដល់អ្នកចូលរួមឱ្យធ្វើការដោយភាពច្នៃប្រឌិតទទួលខុសត្រូវ។ ផ្តល់ឱកាសឱ្យអ្នកចូលរួមរៀន និងអភិវឌ្ឍជំនាញជាបន្តបន្ទាប់ លើកទឹកចិត្តឱ្យមានភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិត។ បង្កើតបរិយាកាសការងារដែលគោរពគ្នា និងធ្វើការជាក្រុមផ្តល់សិទ្ធិឱ្យចូលរួមសម្រេចចិត្ត និងទទួលខុសត្រូវលើការងារ។

លោក សៀន ហុកហេង បានលើកឡើងថា ការតាំងពិព័រណ៍បន្លែផ្លែឈើសុខភាព ជាសកម្មភាពសំខាន់មួយសម្រាប់បង្កើនការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ការដាំបន្លែសុខភាព និងការថែរក្សាសុខភាពគ្រួសារ។ វិធីដាំបន្លែសុវត្ថិភាពដោយកាត់បន្ថយការប្រើសារធាតុគីមី ការជ្រើសរើសពូជបន្លែដែលមានគុណភាព ការប្រើជីធម្មជាតិ និងការថែទាំដំណាំ។ អត្ថប្រយោជន៍នៃការបរិភោគបន្លែស្រស់ចំពោះសុខភាព ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារតាមរយៈការដាំបន្លែលក់។ប្រជាពលរដ្ឋបានបង្ហាញការចាប់អារម្មណ៍ និងចូលរួមផ្លាស់ប្តូរយោបល់យ៉ាងសកម្ម។ការចែករំលែកបទពិសោធន៍ក្នុងការដាំបន្លែ និងបញ្ហាប្រឈមដែលជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយរួម។ ជួយពង្រឹងទំនាក់ទំនងល្អរវាងអ្នករៀបចំ និងសហគមន៍ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាព និងបរិស្ថានកាន់តែប្រសើរ។
ជាមួយគ្នានោះដែរ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា ក៏បានលើកឡើងពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សដ៏រឹងមាំ និងប្រកបដោយចីរភាព តាមរយ:ការបណ្ដុះបណ្ដាលកុមារ និងយុវជនឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ សុខភាពល្អ និងមានស្មារតីជាតិនិយមផងដែរ។ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ កសិករ អាជីវករទាំងអស់ ដែលបានចូលរួមគាំទ្រនិងអញ្ជើញមកទស្សនាការតាំងពិព័រណ៍បន្លែសុវត្ថិភាព។

ការចូលរួមរបស់លោកអ្នកគឺជាកម្លាំងចិត្តដ៏មានតម្លៃក្នុងការលើកកម្ពស់ការផលិត និងការប្រើប្រាស់បន្លែសុវត្ថិភាព ដើម្បីការពារសុខភាពគ្រួសារ និងសហគមន៍។ សូមបន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុក ប្រើប្រាស់បន្លែស្អាត និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារទៅកាន់អ្នកជុំវិញខ្លួន។ ការតាំងពិព័រណ៍នេះនឹងផ្តល់ចំណេះដឹង បទពិសោធន៍ និងជំរុញឱ្យមានការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាពកាន់តែប្រសើរ៕
ដោយ ស៊ុម វណ្ណា





