រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងអនឡាញស្គែមគឺជាកិច្ចការរួម
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងអនឡាញស្គែមគឺជាកិច្ចការរួមរបស់រដ្ឋ របស់អ្នកសារព័ត៌មាន របស់សង្គមស៊ីវិល របស់ប្រជាពលរដ្ឋ និង របស់វិស័យឯកជន វាមិនមែនជារឿងដាច់ដោយឡែករបស់អ្នកណាមួយក្នុងការធ្វើកិច្ចការងារនេះទេ។ ដូច្នេះការចូលរួមរបស់យើងគឺជាការចូលរួមទាំងអស់គ្នា មិនថារាជរដ្ឋាភិបាល មិនថាប្រព័ន្ធផ្សព្វផ្សាយ មិនថាវិស័យឯកជន ឬមិនថាប្រជាពលរដ្ឋ គឺត្រូវតែចូលរួមទាំងអស់គ្នា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានយ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីវិធានការបង្ការទប់ស្កាត់អំពើជួញមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍សម្រាប់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធ នៅទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងអនឡាញស្គែមគឺជាបញ្ហារួមរបស់យើង ជាបញ្ហាសង្គមរបស់យើង ដែលយើងត្រូវរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស ហើយអ្វីដែលសំខាន់គឺការពារសិទ្ធិ ការពារសេចក្តីថ្លៃថ្នូរ និងការពារប្រជាជនកម្ពុជារបស់យើងពីការជួញដូរមនុស្ស ខណៈដែលយើងមិនអាចលុបបំបាត់បញ្ហានេះឱ្យបានទាំង ស្រុង តែយ៉ាងហោចណាស់យើងអាចកាត់បន្ថយវាឱ្យបានច្រើនជាអតិបរមានូវបញ្ហាប្រឈមមួយនេះ តាមរយៈការអប់រំដែលកើតចេញពីអត្ថបទការសែត បទយកការណ៍ បទសម្ភាសន៍ជាដើម ដែលនេះគឺជាអ្វីដែលជាការរួមគ្នារបស់យើងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា អ្វីដែលយើងគួរតែផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង រួមមាន ទី១. កុំឱ្យគាត់ជឿទៅលើការផ្តល់ការងារដែលគ្មានប្រភពច្បាស់លាស់ ទី២. កុំផ្ញើឯកសារផ្ទាល់ខ្លួន ឬប្រាក់ទៅកាន់មនុស្សដែលយើងមិនស្គាល់ ព្រោះអាចត្រូវគេបោកប្រាស់ ទី៣. ត្រូវពិនិត្យព័ត៌មានពីប្រភពផ្លូវការមុននឹងសម្រេចចិត្តធ្វើដំណើរ ឬក៏ទទួលការងារ ទី៤. រាយការណ៍ភ្លាមៗប្រសិនបើឃើញមានសកម្មភាពគួរឱ្យសង្ស័យ ទី៥. ការចែករំលែកព័ត៌មានក្លែងក្លាយអាចធ្វើឱ្យជនរងគ្រោះរងគ្រោះថ្នាក់កាន់តែខ្លាំង ដែលយើងត្រូវតែចូលរួមក្នុងការទប់ស្កាត់ចំពោះបញ្ហាទាំងអស់នេះ ដោយឯកឧត្តមបានបន្ថែមថា បញ្ហាជួញដូរមនុស្ស និងទេសន្តរប្រវេសន៍មិនប្រក្រតី ឬអនឡាញស្គែមនេះមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នាទៀតឡើយ ដោយក្នុង បរិបទបច្ចុប្បន្នបញ្ហាទាំងនេះកំពុងមានទំនាក់ទំនងជិតស្និទ្ធ និងមានលក្ខណៈស្មុគស្មាញកាន់តែខ្លាំង ព្រោះការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម ការផ្សព្វផ្សាយ ការងារក្លែងក្លាយ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះជនរងគ្រោះមួយចំនួនត្រូវបានគេបោកបញ្ឆោតតាមរយៈការសន្យាការងារល្អ ប្រាក់ខែខ្ពស់ ឱកាសទៅធ្វើការងារក្រៅប្រទេស ឬក៏ការទាក់ទងតាមអនឡាញ ហើយបន្ទាប់មកពួកគេអាចត្រូវបានគេកេងប្រវ័ញ្ច បង្ខំឱ្យធ្វើការខុសច្បាប់ រួមទាំងការឆបោកតាមអនឡាញ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងទម្រង់នានានៃការជួញដូរមនុស្ស។ ដូច្នេះការប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះគឺមិនអាចពឹងផ្អែកទៅលើការអនុវត្តចច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការបង្ការ ការអប់រំ ការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ការជួយសង្គ្រោះជនរងគ្រោះ ការសហការអន្តរស្ថាប័ន និងការចូលរួមរបស់សង្គមទាំងមូល ក្នុងនោះក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ណាស់នៅក្នុងការបំភ្លឺសាធារណជន បង្ការហានិភ័យ និងជួយកាត់បន្ថយភាពរងគ្រោះ៕



ដោយ៖ ចាន់ សុភឿន





