ប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យ ១គ្រួសារទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKPខេត្តព្រះសីហនុ ថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២៦–លោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក គាំ សុខុម នាយក សាខា មន្ត្រីសាខា អនុសាខាក្រុងព្រះសីហនុ និងអ្នក ស្ម័គ្រចិត្តសាខាកាកបាទក្រហម ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ រងគ្រោះដោយ សារអគ្គិភ័យឆេះផ្ទះអស់ ទាំងស្រុងកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ២០២៦ ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ ក៏បានពាំ នាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខ សេចក្តីអាណិតអាសូរ និងចូលរួមសោក ស្ដាយចំពោះគ្រួសាររងគ្រោះ ពីឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយអគ្គិភ័យ ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់ពូជ សាសន៍ សាសនា ឬនិន្នាការនយោបាយ។

ក្នុងឪកាសនោះដែរ លោក អនុប្រធានសាខាកាកបាទក្រហមខេត្ត ក៏ បានក្រើនរំលឹកដល់ក្រុមគ្រួសាររងគ្រោះសូមមាន ការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានាពិសេសគ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ពេលវេលា ប្រសិនបើយើងមានការធ្វេសប្រហែសណាមួយ ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងទៀន ធូប ចង្ក្រានហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនីត្រូវរកអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេស។

សម្ភារៈសាខាដែលបានផ្ដល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យមាន អង្ករ ៥០គីឡូក្រាម ប៊ីចេង ២កញ្ចក់ មី ១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ សម្ភារៈផ្ទះបាយ ១ឈុត ទឹកសុទ្ធ ១កេស ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល៕
ដោយ៖ ងូ សុមុនី





