កិច្ចប្រជុំវាយតម្លៃចុងក្រោយ ស្ដីពីការសម្រេចស្នើសុំដាក់យោធិនឱ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៦ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKPកំពង់ធំថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៦-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤កាលពីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ វាយតម្លៃចុងក្រោយស្តីពីការសម្រេចស្នើសុំដាក់យោធិនឱ្យចូលសោធននិវត្តន៍ប្រចាំឆ្នាំ ២០២៦ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួម ពីនាយការិយាល័យ ស្ថាប័នជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំមួយចំនួន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើងរាយការណ៍ អំពីលក្ខខណ្ឌមួយចំនួននៃការដាក់យោធិឱ្យចូលសោធននិវត្តនិងបានអានបញ្ជីរាយនាម សមាសភាព យោធិនដែលបានស្ម័គ្រចិត្ត និងគ្រប់លក្ខខណ្ឌនៃការដាក់ឱ្យចូលសោធននិវត្តន៍ឆ្នាំ២០២៦ ដើម្បីឆ្លងយោបល់អង្គប្រជុំពិភាក្សាវាយតម្លៃ និងសម្រេចស្នើសុំតាមឋានានុក្រម ទៅថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ដើម្បីសម្រេច ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ត្រូវចូលរួមក្នុងការកំណែទម្រង់កងយោពលខេមរភូមិន្ទ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ។ជាមួយនោះដែរ ត្រូវអនុវត្តយ៉ាងមុឺងម៉ាត់ តាមសេចក្តីណែនាំលេខ ០០៣/២០២៦ សណន របស់បញ្ជាការដ្ឋានកងទ័ពជើងគោកស្ដីពីការត្រួតពិនិត្យ ស្វ័យត្រួតពិនិត្យចំនួនទ័ពចំនួនកូន និងការដាក់យោធិនឱ្យចូលសោធននិវត្តន៍ឆ្នាំ ២០២៦ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើសុំឱ្យអង្គប្រជុំ ពិភាក្សាវាយតម្លៃឱ្យបានម៉ត់ចត់ អំពីលក្ខខណ្ឌកំណត់ និងលក្ខណៈសម្បត្តិសុខភាព កាយសម្បទា របស់សមាសភាពយោធិនម្នាក់ៗ ដែលបានស្ម័គ្រចិត្ត និងមួយចំនួនទៀតគ្រប់តាមលក្ខខណ្ឌកំណត់ តម្រូវឱ្យដាក់ចូលសោធននិវត្តន៍ ហើយស្របតាមសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាវាយតម្លៃនិងសុំការសម្រេចពីថ្នាក់លើ ។

ជាចុងក្រោយអង្គប្រជុំបានធ្វើការពិភាក្សាវាយតម្លៃអំពីលក្ខណៈសម្បត្តិ ស្ថានភាពសុខភាព និងលក្ខខណ្ឌដែលត្រូវដាក់យោធិនឱ្យចូលសោធននិវត្តន៍ លើយោធិនម្នាក់ៗ ដែលមានក្នងបញ្ជីស្នើសុំពិភាក្សាវាយតម្លៃរបស់កាយាល័យទីមួយ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយបានសម្រេចភាពជាឯកឆន្ទ ក្នុងការស្នើសុំបំពេញបែបបទដាក់យោធិនមួយចំនួននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្នើសុំទៅថ្នាក់លើដើម្បីសម្រេចដាក់ឱ្យចូលសោធននិវត្តន៍នៅឆ្នាំ២០២៦៕
ដោយ៖ ស៊ុម វណ្ណា





