ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួរនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទដល់យោធិនក្រោមឱវាទ
AKP កំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងសភាពការថ្មីនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីៗ ស្តីពីស្ថានភាពសង្គ្រាម រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា និងសភាពការណ៍នៅក្នុងតំបន់ ព្រមទាំងសភាពការណ៍វិវត្តប្រែប្រួលថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃដោយបច្ចុប្បន្ននេះ ភាគីថៃបានបង្កហេតុគ្រប់យ៉ាងក្នុងការរំលោភសេចក្ដីប្រកាសរួម ស្ដីពីបទឈប់បាញ់កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចល័តកម្លាំង គ្រឿងចក្រ កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅលើខ្សែបន្ទាត់ព្រំដែន ក្នុងដែនអធិបតេយ្យភាពរបស់កកម្ពុជាដែលថៃដណ្ដើមកាន់ដោយការប្រើប្រាស់កម្លាំងយោធាក្នុងរយៈពេលសង្គ្រាមឈ្លានពាន ដោយខុសច្បាប់នៅលើកកទី២ រយៈពេល២១ថ្ងៃកន្លងទៅ និងក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់។ហើយជាមួយនេះបានបង្កហេតុដោយការផ្ទុះអាវុធជាញឹកញាប់ ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីប្រកាសរួមនៃបទឈប់បាញ់ រវាងភាគីកម្ពុជានិងថៃ ដែលភាគីកម្ពុជាបានគោរពយ៉ាងពេញលេញ នូវសេចក្តីប្រកាសរួមនៃបទឈប់បាញ់នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអនុសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ននានា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា រាជធានី ខណ្ឌ សង្កាត់ នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដោយបានសង្កត់ធ្ងន់អំពីវិធានការដ៏មុតស្រួច ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានបញ្ជាក់ថា គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរួមគ្នាក្នុងការកំចាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បុគ្គលណា ដែលមានការពាក់ព័ន្ធ ក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់និងរឹបអូសទ្រព្យសម្បត្តិ ដែលខ្លួនបានប្រព្រឹត្ត ។ ហើយជាមួយនេះ អ្នកដែលជាប់ពាក់ព័ន្ធ ឬអ្នកដែលមិនបានចាត់វិធានការ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះ ត្រូវមានវិធានការដកហូតមុខតំណែង និងចាត់វិធានការតាមច្បាប់ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ ដោយយោធិនគ្រប់រូប ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់។ ត្រូវប្តេជ្ញាចិត្តគោរពប្រតិបត្តិក្នុងវិធានការស៊ីជម្រៅនៃកំណែទម្រង់រចនាសម្ព័ន្ធកងយោធពលខេមរភូមិន្ទ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យ។ យោធិនគ្រប់រូបត្រូវប្រុងប្រៀបខ្លួនរួចជាស្រេច ក្នុងការការពារបូរណភាពទឹកដី និងត្រូវចូលរួមចំណែកតាំងពីបុគ្គលម្នាក់ៗ អង្គភាពនីមួយៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានក្រើនរំឭកឱ្យយោធិនគ្រប់រូប មេបញ្ជាការគ្រប់បណ្តាកងឯកភាព ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឱ្យមានការកើតឡើងជាថ្មី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសបទល្មើសព្រៃឈើ និងបទល្មើសនេសាទ។
យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងអនុសាសន៍សំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិធានការកំណែទម្រង់ដ៏មុតស្រួចរបស់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា





