គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង Online Scams និងឃាត់ខ្លួនជនសង្ស័យ ៨៣នាក់
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង ដែលសង្ស័យថា មានការលួចលាក់ដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយក្នុងការចុះប្រតិបត្តិការនេះ កងកម្លាំងសមត្ថកិច្ចក្រុងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨៣នាក់។ ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្ទះវីឡាមួយកន្លែងក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះអនុវត្តវិធានការច្បាប់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។

ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានរកឃើញ និងដក ហូតសម្ភារ ព្រមទាំងឧបករណ៍អេឡិចត្រូនិចមួយចំនួនធំ ដែលជាឧបករណ៍សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ៨៣នាក់ (ស្រី ២២នាក់)។ បច្ចុប្បន្ន ជនបរទេសទាំង ៨៣នាក់ រួមទាំងម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ និងសម្ភារ វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បន្តអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់។

ចំពោះការបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការសំអាតផ្ទះរបស់យើង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តអនុវត្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែងនោះឡើយ ហើយចំពោះជនល្មើសដែលបង្កផលប៉ះពាល់ដល់ប្រយោជន៍ប្រទេសកម្ពុជា មិនត្រូវលើកលែងនោះទេ៕

ដោយ៖ ងូ សុមុនី





