បន្ទាយមានជ័យប្រមូលបានថវិកាជាង១៨ម៉ឺនដុល្លារ ក្នុងទិវាកាកបាទក្រហម ខណៈឯកឧត្តម ឌិត ទីណា ជំរុញស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- សាមគ្គីភាព និងទឹកចិត្តមនុស្សធម៌ដ៏ខ្លាំងក្លាត្រូវបានស្តែងឡើងយ៉ាងច្បាស់ នៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការកៀរគរថវិកាបានរហូតដល់ទៅជាង ១៨០,០០០ ដុល្លារអាមេរិក ពីសំណាក់សប្បុរសជនគ្រប់ទិសទី ដើម្បីយកទៅបម្រើឱ្យសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋ។

សមិទ្ធផលដ៏ត្រចះត្រចង់នេះត្រូវបានប្រកាសឡើងនៅក្នុងមីទ្ទិញអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ដោយពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងសស្រាក់សស្រាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា «ស្មារតីសាមគ្គីភាព និងការចែករំលែកនៅថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។ ថវិកាទាំងនេះនឹងក្លាយជាទុនដ៏មានតម្លៃមិនអាចខ្វះបាន ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងខេត្តបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយអត់ឃ្លាននោះឡើយ»។

ជាកិច្ចស្វាគមន៍ និងការរាយការណ៍ពីវឌ្ឍនភាពការងារ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឡើងធ្វើរបាយការណ៍បូកសរុបសកម្មភាពមនុស្សធម៌យ៉ាងលម្អិតក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ ព្រមទាំងការជួយឧបត្ថម្ភដល់ចាស់ជរាគ្មានទីពឹង ជនពិការ និងស្ត្រីមេម៉ាយក្រីក្រកុមារកំព្រាយុទ្ធជនពលីជនភៀសឹកនៅទូទាំងខេត្ត។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពទាំងអស់នេះធ្វើឡើងដោយតម្លាភាព គណនេយ្យភាព និងសេចក្តីអាណិតស្រឡាញ់ចេញពីបេះដូង ពោលគឺ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

មីទ្ទិញអបអរសាទរនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ អនុប្រធានកិត្តិយសសាខាខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្រ្តីរាជការ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស, អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណជាង ៨០០នាក់។

ថវិកាជាង ១៨០,០០០ ដុល្លារ ដែលប្រមូលបាននៅក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវប្រគល់ជូនសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដើម្បីបន្តចាត់ចែងក្នុងសកម្មភាពមនុស្សធម៌ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅទូទាំងខេត្ត ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕
ដោយ ឈុន សារ៉ាត





